ហ្វុីលីពីនបានរកឃើញករណីវិជ្ជមានកូវីដ-១៩ សរុបចំនួន២២.៤១៥នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងមក គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ជាង ២,១លាននាក់ហើយ។
ក្រសួងសុខាភិបាលហ្វុីលីពីនបានប្រកាសនៅថ្ងៃទី៦ខែកញ្ញាថា នៅថ្ងៃនេះគឺជាថ្ងៃទី៤ហើយដែលហ្វុីលីពីនរកឃើញករណីវិជ្ជមានលើសពី២ម៉ឺននាក់ក្នុងមួយថ្ងៃ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកហ្វុីលីពីនក៏មានអ្នកស្លាប់ដោយកូវីដ ១០៣នាក់ដែរ ធ្វើឲ្យអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើង ដល់៣៤.៣៣៧នាក់ ។
ក្រោយពីមានករណីឆ្លងកើនឡើង រដ្ឋាភិបាលហ្វុីលីពីន នឹងដកចេញវិធានការបិទខ្ទប់ក្នុងរដ្ឋធានីម៉ានីល ខណៈអត្រាឆ្លងប្រចាំថ្ងៃនៅតែស្ថិតក្នុងកម្រិតខ្ពស់។ រដ្ឋាភិបាលនឹងដកចេញ «វិធានការបង្គាប់ឱ្យនៅក្នុងផ្ទះ» សម្រាប់ប្រជាជនរស់នៅក្នុងរដ្ឋធានីម៉ានីល ជាការសាកល្បង ខណៈរដ្ឋាភិបាលរបស់លោក Duterte កំពុងព្យាយាមស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។
បើតាមអ្នកនាំពាក្យប្រធានាធិបតីហ្វុីលីពីន លោក Harry Roque ការបន្ធូរបន្ថយវិធានការរឹតត្បិតខាងលើ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃពុធសប្ដាហ៍នេះតទៅ ខណៈមានការរំពឹងថាការបន្ធូរបន្ថយនេះនឹងអនុញ្ញាតឱ្យបណ្ដាអាជីវកម្មនានាដែលរងគ្រោះដោយសារ COVID-19 អាចនឹងបើកដំណើរការរបស់ខ្លួនឡើងវិញ និងជំរុញកំណើនទេសចរក្នុងស្រុក។ ប៉ុន្តែ ក្រុមអ្នកជំនាញសុខាភិបាលនៅតែមានការព្រួយបារម្ភដដែល ខណៈករណីឆ្លងប្រចាំថ្ងៃនៅតែបានហក់ឡើងខ្ពស់ជាង ២០,០០០នាក់ ក្នុងរយៈពេលបីថ្ងៃមកនេះ ដោយសារតែវីរុសបំប្លែងថ្មី Delta៕
ដោយ៖ធីរីណា(រូបភាព៖TTXVN )