ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសចំកំភួនដៃខាងស្ដាំបន្ទាប់ពីត្រូវជនសង្ស័យម្នាក់ប្រើហិង្សាកាប់មួយកាំបិតបុ័ងតោដោយសារធ្លាប់មានរឿងទំនាស់គ្នាពីមុនមក ដែលហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចមកធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចលើផ្លូវប្រឡាយមេកៃចកស្ថិតក្នុងភូមិទួលសាលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ មាស សាវី អាយុ២៥ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំស្វាយចេក ស្រុករំដួល ដោយរងរបួសត្រូវ ចំនួន១កាំបិត (ចំកំភួនដៃខាងស្តាំ)។
ចំណែកឯជនសង្ស័យវិញត្រូវបានស្គាល់ឈ្មោះ ប៊ឿក ក្រោយពីបង្កហេតុរួចបានរត់គេចខ្លួនភ្លាមៗ។
តាមជនរងគ្រោះឈ្មោះ មាស សាវី បានប្រាប់សមត្ថកិច្ចថា ដោយរូបគេនិងជនសង្ស័យកាលពីមុនធ្លាប់មានជម្លោះពាក្យសម្ដីគុំកួនគ្នា ទើបនៅថ្ងៃកើតហេតុក៏មានករណីហិង្សាខាងលើនេះកើតឡើងតែម្តង។
បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់ឱ្យខាងតែបាន៕
ដោយ៖យឹម សុថាន