ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានប្រគល់ ស្បៀង និងសម្ភារៈពេទ្យ ជូនដល់ដល់ លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ នាយករងមន្ទីរពេទ្យព្រះកេតុមាលា នៅទីស្តីការក្រសួង នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ។
ឆ្លៀតក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអនក៏បានថ្លែងអំណរគុណដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានបំពេញការងារយ៉ាងសស្រាក់សស្រាំ និងទទួលបានលទ្ធផលល្អនាពេលកន្លងមក ក៏ដូចជាការងារស្នូល និងក៏ដូចជាការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានបន្តទៀតថា អំណោយដែលបានផ្តល់ជូនក្នុងថ្ងៃនេះ គឺទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន The New Venetian Casino & Hotel ដែលជាវិស័យឯកជន បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្រាលបន្ទុករបស់មន្ទីរពេទ្យព្រះកេតុមាលា ក្នុងសកម្មភាពទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺឆ្លងកូវីដ១៩ ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយគ្នានេះ លោកស្រីឧត្តមសេនីយ៍ទោ កើត ស៊ីយុត្តិ ក៏បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកជំទាវកិត្តិសង្គហបណ្ឌិត ដែលជានិច្ចកាលតែងតែបានបានផ្តល់សម្ភារៈជួយដល់មន្ទីរពេទ្យ ។
ចំណែកអំណោយនាពេលនេះរួមមាន ៖ អង្ករ ៥០០គីឡូក្រាម ម៉ាស់ ៥កេសធំ មី ២០កេសតូច ទឹកសុទ្ធ ២០កេស អាវពេទ្យ PPE ១០០អាវ អាល់កុល ៥កាន និងថវិកាមួយចំនួន ៕
ដោយ៖សហការី