ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ការជីកស្តារប្រឡាយ ម័ល សម្រេចបានប្រមាណ៩០ភាគរយ ហើយ នៅសល់តែ ប្រវែងជាង៤០០ម៉ែត្រទៀតប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ ការជីកស្តារប្រឡាយម័ល នៅក្នុងភូមិ សាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ម៉ែត្រ ប៉ុណ្ណោះ។

   មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី០៧ កញ្ញានេះថា ៖ ក្រោមការណែនាំរបស់លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ  ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឹងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ។

   មន្ត្រីដដែលបានបញ្ជាក់ថា៖ ចំពោះមូលហេតុដែលបង្កអោយមានភាពយឺតយ៉ាវនៃការស្តារប្រឡាយម័លនេះ គឺដោយសារមានឧបសគ្គមួយចំនួន ពិសេស ក្នុងកំណាត់ ប្រឡាយប្រវែងជាង៤០០ម៉ែត្រដែលនៅសេស សល់ នេះ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពាន ខ្លះបោះបង្កោលឈើ និង ថ្មនៅក្នុងប្រឡាយ ស្ទើរបិទផ្លូវទឹកទៅហើយ ។

កត្តាទាំងនេះ បានធ្វើអោយ ក្រុមការងារស្តាប្រឡាយភូមិម័ល នៃមន្ទីរ ធនធានទឹករាជធានីភ្នំពេញអូស បន្លាយពេលវេលាអស់ជាច្រើនខែ ។ 

      រហូតដល់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់គ្រឿងចក្រ ជីកស្ដារប្រឡាយដើម្បី រំដោះទឹកចេញពីផ្នែកខ្លះប្រឡាយលូប្រាំ ប្រឡាយទួលពង្រទី១ និងផ្នែកខ្លះទៀតមកពីខណ្ឌ ពោធិ៍សែនជ័យនិងខណ្ឌសែនសុខ 

   មន្ត្រីដដែលប្រាប់ដឹងទៀតថា ការងារស្ដារ ប្រឡាយ ភូមិម័លនេះ ចែកចេញជា ៣ដំណាក់កាល ក្នុងនោះ ដំណាក់កាលទី១  គឺក្រុមការងារដាក់គ្រឿងចក្រឈរនៅ លើដីគោកចាប់ពីស្ថានីយ បូមទឹកលូប្រាំ ដំណាក់កាលទី២ និងទី៣ ត្រូវដាក់គ្រឿងចក្រក្នុងសាឡង់ចុះស្តាររហូតដល់ស្ថានីយបូមទឹកបឹងទំពុន រហូតមកដល់ពេលនេះប្រឡាយភូមិម័លត្រូវបានក្រុមការងារស្ដារនិងកាយយកភក់ សំរាម និង ស្មៅ ដើមឈើដុះក្នុង ប្រឡាយសម្រេចបាន ប្រមាណ៩០ភាគរយហើយ។ 

   មន្ត្រីបញ្ជាក់ទៀតថា៖ប្រឡាយម័លនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ ៕

ដោយ ៖ សំរិត


ចែករំលែក៖