ព័ត៌មានទាន់ហេតុការណ៍៖

បោះឆ្នោតទីក្រុង St. Petersburg បេក្ខភាព៣រូបមានឈ្មោះមានត្រកូលដូចគ្នាទាំងអស់

ចែករំលែក៖

ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ីបានឱ្យដឹងថា ការណ៍ដែលមានបេក្ខភាព ដល់ទៅ៣រូបសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងទីក្រុង St. Petersburg គឺមានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ « Boris Vishnevsky» ។
សារព័ត៌មាន AFP បានផ្សាយថា ការណ៍ដែលមានបេក្ខភាពដល់ទៅ ៣រូបមានឈ្មោះ ត្រកូលដូចគ្នា ប្រជែងតំណែងតំណាងរាស្ត្រទីក្រុង St. Petersburg ប្រទេសរុស្ស៊ីគឺជារឿងមិនធ្លាប់មានសម្រាប់បេក្ខភាពឈរឈ្មោះបោះឆ្នោតនៅក្នុងប្រទេសរុស្ស៊ី ក៏ដូចជានៅជុំវិញពិភពលោកឡើយ។ បេក្ខភាពទាំងបីមានឈ្មោះ Boris Vishnevsky ដូចគ្នា មិនតែប៉ុណ្ណោះក៏មានមុខមាត់ដូចគ្នាផងដែរ ។
ដូចជាតំបន់ផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី ទីក្រុង St. Petersburg កំពុងត្រៀមលក្ខណៈបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររបស់ខ្លួនដែលនឹងត្រូវធ្វើឡើងក្នុងពេលប្រមាណ២សប្តាហ៍ខាងមុខ។ ចំណុចខុសប្រក្រតីនៅក្នុងទីក្រុងនេះ គឺបេក្ខភាពទាំងបីរូប មានឈ្មោះ និងត្រកូលដូចគ្នាទាំងអស់ លើកលែងតែ «ឈ្មោះកណ្តាល» តែប៉ុណ្ណោះដែលគេមិនសូវប្រើឡើយ។
បេក្ខភាពទីមួយគឺលោក Boris Lazarevich Vishnevsky ជាមេដឹកនាំគណបក្សប្រឆាំង Yabloko នៅក្នុងសភាតំណាងនៃទីក្រុង St. Petersburg ។ ទីពីរ គឺលោក Boris Ivanovich Vishnevksy ជាជំនួយការអនុប្រធានគណៈកម្មការបង្កើតច្បាប់ទីក្រុង St. Petersburg និងទីបី គឺលោក Boris Gennadievich Vishnevsky ជាអ្នកនយោបាយថ្មី មិនមានភាពល្បីល្បាញនៅក្នុងសង្គមឡើយ។
សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខភាពទាំងបីរូប មានតែលោក Boris Lazarevich Vishnevskyតែប៉ុណ្ណោះដែលប្រើប្រាស់ឈ្មោះមាននៅក្នុងសំបុត្រកំណើតតាំងពីដើមមក ។ ចំណែកបេក្ខភាពពីររូបផ្សេងទៀត គិមានផ្លាស់ប្តូរឈ្មោះ ដោយមានឈ្មោះដើមគឺ Viktor Ivanovich Bykov និង Alexei Gennadievich Shmelev ។ សកម្មភាពខាងលើ គឺជាការកេងបន្លំនយោបាយ ក្នុងគោលដៅធ្វើឲ្យពលរដ្ឋទៅបោះឆ្នោត ងាយច្រឡំគ្នាតែប៉ុណ្ណោះ ៕ដោយ៖ធីរីណា

រូបថត៖ Guardian

រូបថត៖ AFP

 


ចែករំលែក៖