ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខែ្មរ-សូវៀត មានកិត្តិយសសូមជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ដោយសង្កេតឃើញថាជំងឺកូវីដ-១៩មានការធូរស្រាលហើយនោះ មន្ទីរពេទ្យបានរៀបចំនិងពង្រឹងការផ្តល់សេវា រួមមានសេវាពិគ្រោះជំងឺទូទៅ ជំងឺឯកទេសសម្ភព រោគស្ត្រី ជំងឺសរសៃប្រសាទ ជំងឺក្រពះពោះវៀន ជំងឺផ្លូវចិត្ត ជំងឺបេះដូង ជំងឺមហារីក ជំងឺសួត ជំងឺទឹកនោមផ្អែម សន្លាក់ ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺភ្នែក ជំងឺសើស្បែក ជំងឺមាត់ ធ្មេញ និងជំងឺឯកទេសវះកាត់ បាក់បែកឆ្អឹង ជំងឺតម្រងនោម ជំងឺក្រពះ ពោះវៀន ប្រព័ន្ធរំលាយអាហារ។ មន្ទីរពេទ្យក៏មានផ្តល់សេវាសង្រ្គោះបន្ទាន់ សេវាលាងឈាម សេវាមន្ទីរពិសោធន៍ សេវាថត ឆ្លុះ ស្គេន ។ល។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទំាងអស់មេត្តាជ្រាប និង សូមគោរពជូនពរ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសុខភាពល្អ និងសុវត្ថិភាពគ្រប់ៗគ្នា។
សូមបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៦,៣៧% បើធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ មាន៨៥,៩៧% បើធៀបជាមួយនឹងប្រជាជនគោលដៅ១,៩៦៦,៩៣១ នាក់៕
ដោយ ៖ សិលា