ព័ត៌មានទាន់ហេតុការណ៍៖

សារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១

ចែករំលែក៖

ភ្នំពេញ៖ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១ សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ ៖ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល! សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ! ឯកឧត្តម លោកជំទាវ ព្រឹទ្ធាចារ្យ លោកតា លោកយាយ, លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សជាទីស្រឡាញ់រាប់អាន និងបងប្អូនជនរួមជាតិទាំងអស់ជាទី គោរព ស្នេហា ៖

ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២១នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមចូលរួមប្រកបដោយភាពកក់ក្តៅជាមួយបងប្អូនជនរួមជាតិ ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំង ប្រទេសកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំ ប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្ម និងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ទោះបីជាការបន្តឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩. មិនអនុញ្ញាតឱ្យយើងទាំងអស់គ្នាអាចជួបជុំប្រារព្ធទិវា អក្ខរកម្មជាតិ ៨ កញ្ញា ដោយផ្ទាល់មុខដូចសព្វដង ក៏ទិវាជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងទម្រង់ជា យុទ្ធនាការតាមប្រព័ន្ធអនឡាញ និងពីចម្ងាយតាមគ្រប់រូបភាព ក្នុងគោលបំណងបង្កើនការយល់ដឹងទូលំទូលាយ នៅទូទាំងប្រទេស អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ឆ្ពោះទៅរកការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋ គ្រប់រូប ដើម្បីចាប់យកឱកាសការងារកាន់តែល្អ និងលើកស្ទួយកម្រិតជីវភាពកាន់តែប្រសើរ ជាពិសេសនៅក្នុង ដំណាក់កាលនៃការស្ដារឡើងវិញនូវសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ-១៩។

ទូលព្រះបង្គំខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងនូវសារលិខិតថ្វាយ និងប្រគេនព្រះថេរានថេរៈគ្រប់ព្រះអង្គ ជាទី សក្ការៈ ជូនជនរួមជាតិ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំង ក្មួយៗ សិស្សានុសិស្សជាទីស្រឡាញ់ អំពីបុព្វហេតុ ដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្តល់ជូនដល់យុវជនគ្រប់រូប នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ គឺសំដៅសម្រេចឱ្យ បាននូវ.យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាទើបអនុម័តជាផ្លូវការនូវគោលនយោបាយជាតិស្តីពី ការសិក្សាពេញមួយ ជីវិតដែលមានគោលបំណង ”ផ្ដល់ឱកាសនិងគាំទ្រឱ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាតាមគ្រប់រូបភាព និង ប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបាន ដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និង ប្រាក់ចំណូល ស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសង្គមពុទ្ធិ ។

ជាក់ស្តែង នៅក្នុងអំឡុងពេលនៃការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ សិស្សានុសិស្ស និងនិស្សិតនៅគ្រប់ភូមិសិក្សា បានទទួលនូវសេវាអប់រំតាមគ្រប់រូបភាព រួមបញ្ចូលទាំងការអប់រំតាមបែបឌីជីថល, ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណី ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងការរៀបចំផលិត និងផ្សព្វផ្សាយវីដេអូ សម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់កម្មវិធីអក្ខរកម្ម, កម្មវិធីសមមូលបឋមសិក្សា, និងកម្មវិធីសមមូលមធ្យមសិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធព្រមទាំងមានការជួយសម្របសម្រួលពីមន្ត្រីអប់រំក្រៅ ប្រព័ន្ធនៅតាមឃុំ សង្កាត់ អាជ្ញាធរដែនដី គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ និងគណៈគ្រប់គ្រង មជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងគោលដៅធានាឱ្យការរៀនសូត្ររបស់អ្នកសិក្សាមាននិរន្តភាព។ តាមរយៈ ការអនុវត្ត «កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន» បានផ្ដល់ឱកាសដល់កម្មករ កម្មការិនីទាំងនៅក្នុង និងនៅ ក្រៅប្រទេស មានលទ្ធភាពបន្តការសិក្សាពីចម្ងាយតាមប្រព័ន្ធអនឡាញ។ ម៉្យាងវិញទៀត អ្នកជាប់ឃុំឃាំងនៅ តាមមណ្ឌលអប់រំកែប និងពន្ធនាគារនៅតាមរាជធានី ខេត្ត ក៏បានរៀនសូត្រនៅក្នុងកម្មវិធីថ្នាក់អក្ខរកម្ម ក្នុងគោលបំណងផ្ដល់ឱ្យពួកគាត់នូវចំណេះដឹង ជំនាញ មុខរបរ ចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះ ដោះស្រាយបញ្ហាដែលពាក់ព័ន្ធជីវភាពរស់នៅ បន្ទាប់ពីទទួលបានសិទ្ធិសេរីភាព និងការធ្វើសមាហរណកម្មទៅ ក្នុងសង្គមជាតិវិញ។

ក្នុងឆ្នាំ ២០២១ នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ “អក្ខរកម្មជា មូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ក្នុងអត្ថន័យ ជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាស សិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ និងប្រកបដោយវិជ្ជាសម្បទា បំណិន សម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកស្តារឡើងវិញសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ ១៩។ ទស្សនាទាននៃប្រធានបទនៅឆ្នាំនេះ មិនសំដៅត្រឹមតែការរៀនអក្សរ និងលេខនព្ធន្ត ប៉ុណ្ណោះទេ ប៉ុន្តែ បានគិតគូរដល់ឱកាស

សម្រាប់ប្រជាពលរដ្ឋយើងទទួលបាននូវចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញ មុខរបរ និងនវានុវត្តលើគ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា និងអក្ខរកម្មឌីជីថល ដែលសព្វថ្ងៃ កំពុងមានភាពចាំបាច់ និងកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ជនរួមជាតិជាទីស្នេហា!

ក្នុងបរិការណ៍នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្ម ជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ជាពិសេសឈានទៅសម្រេចបាននូវគោលដៅប្រែក្លាយពលករដែល ប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញស្របតាម យុទ្ធសាស្ត្រកំណើនថ្មី  របស់កម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះ ករុណា ខ្ញុំសូមអំពាវនាវ ដល់ស្ថាប័នជាតិ អន្តរជាតិ សហគមន៍ និងពលរដ្ឋគ្រប់រូបសូមយកចិត្តទុកដាក់ខ្ពស់ជា បន្តទៀតដល់ការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងនៅក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ។

សូមអាននូវសារលិខិត សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកកម្ពុជា ទាំងស្រុងដូចខាងក្រោម ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖