ព័ត៌មានទាន់ហេតុការណ៍៖

អតីតកីឡាករជម្រើសជាតិបារាំង Jean-Pierre Adams ទទួលមរណភាពក្នុងវ័យ៧៣ឆ្នាំ

ចែករំលែក៖

អតីតកីឡាករបាល់ទាត់បារាំង Jean-Pierre Adams ដែលបានសន្លប់អស់រយៈពេលជាយូរបានទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ។ Adams ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីវះកាត់ជង្គង់កាលពីខែមីនា ឆ្នាំ១៩៨២ ប៉ុន្តែមិនដែលដឹងខ្លួនឡើងវិញទេបន្ទាប់ពីមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ថ្នាំស្ពឹក។

កើតនៅប្រទេសសេណេហ្គាល់អតីតខ្សែការពាររូបនេះបានបង្ហាញខ្លួនជាង១៤០ដងសម្រាប់ក្លិប Nice ហើយក៏លេងឱ្យក្រុម Paris St-Germain និងក្លិប Nimes ផងដែរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុម PSG បាននិយាយថា គុណធម៌និងបទពិសោធន៍របស់ Jean-Pierre Adams គឺគួរឲ្យគោរពណាស់។

ចំណែកក្លិប Nice បាននិយាយថា ក្លិបនឹងផ្តល់ការគោរពដល់ Jean-Pierre Adams ដែលបានឈ្នះពានរង្វាន់បារាំងចំនួន២២លើកនៅចន្លោះឆ្នាំ១៩៧២-១៩៧៦ មុនការប្រកួតបន្ទាប់របស់ពួកគេទល់នឹងម៉ូណាកូនៅថ្ងៃទី១៩ ខែកញ្ញា។ ដោយឡែកJean-Pierre Adams ក៏បានបង្ហាញខ្លួនចំនួន៨៤ដងសម្រាប់ក្លិប Nimes ដែលក្លិបបានអះអាងថា ពួកគេកំពុងផ្ញើការចូលរួមរំលែកទុក្ខដ៏ស្មោះបំផុតរបស់ពួកគេចំពោះមនុស្សជាទីស្រលាញ់ និងគ្រួសាររបស់គាត់ ។

ក្នុងពេលព្យាបាលសរសៃពួរដែលខូចនៅជង្គង់របស់គាត់បានរងរបួស គ្រូពេទ្យជំនាញខាងថ្នាំសន្លប់បានមើលថែ Adams ហើយគាត់ត្រូវបានត្រួតពិនិត្យដោយគ្រូពេទ្យជំនាញខាងថ្នាំស្ពឹក និងសិក្ខាកាមមានកំហុសជាច្រើនបានកើតឡើងដែលធ្វើឱ្យ Adams ទទួលរងនូវការគាំងបេះដូងនិងខូចខួរក្បាល។ មិនដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ផង គ្រូពេទ្យចាក់ថ្នាំស្ពឹក និងសិក្ខាកាមត្រូវបានផ្តន្ទាទោសពោលគឺព្យួរទោសមួយខែនិងពិន័យជាប្រាក់៧៥០​​អឺរ៉ូ។

បន្ទាប់មក Adams ត្រូវបានគេអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីសម្រាកបាន១៥ខែ ហើយត្រូវបានគេមើលថែនៅផ្ទះ ដោយភរិយារបស់គាត់ឈ្មោះ Bernadette តាំងពីពេលនោះមក។ ការចាក់ថ្នាំស្ពឹកពីសំណាក់គ្រូពេទ្យនៅពេលនោះ ធ្វើឲ្យអតីតកីឡាករ Jean-Pierre Adams ទទួលរងការប៉ះទង្គិចខួរក្បាល និងសន្លប់អស់រយៈពេលយ៉ាងយូររហូតដល់ទទួលមរណភាពតែម្តង ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)

 


ចែករំលែក៖