ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈទៅជីកដីដំបូកយកមកបិទឡដុតធ្យូង ត្រូវដីដំបូកបាក់សង្កត់ នៅវេលាម៉ោង០២និង១០នាទីរសៀលថ្ងៃទី ០៧ខែកញ្ញា ឆ្នាំ២០២១ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា៖ជនរងគ្រោះឈ្មោះ ឈន់ ឈៀង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ។
នគរបាលបញ្ជាក់ថាៈនៅពេលកើតហេតុជនរង គ្រោះបានទៅជីកលុងដីដំបូកនៅចំណុចក្រោយផ្ទះចម្ងាយប្រហែល២០ម៉ែត្រតែម្នាក់ឯងយកដីបិទឡដុតធ្យូង នៅពេលកំពុងតែជីកស្រាប់តែដីដំបូកមានកម្ពស់ប្រហែល៣ម៉ែត្រ បានបាក់ធ្លាក់មកសង្កត់ចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្ដង ។
ប្រភពដដែលបញ្ជាក់ថា៖នៅពេលបាក់ដីធ្លាក់សង្កត់នោះ គ្មានអ្នកណាដឹងនឹងជួយនោះទេ លុះ ប្រពន្ធដើរទៅមើលប្តី ក៏ស្រាប់តែឃើញប្តីដេកស្លាប់ផ្កាប់មុខដោយដីដំបូកដ៏ធំសង្កត់ក្បាលស្លាប់ក្បែរឡ ។សពជនរងគ្រោះបន្ទាប់ពីសមត្ថកិច្ចធ្វើកំណត់ហេតុពិនិត្យឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយដីដំបូកបាក់សង្កត់ពិតមែន ពុំមានស្លាកស្នាមករណីអំពើរឃាតកម្មឡើយ ក្រោយពីពិនិត្យសពរួចត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណា