ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនជាតិចិនប្រុសស្រី២នាក់ពាក់ព័ន្ធករណីកែច្នៃ ជួញដូរគ្រឿងញៀនជិត ១០ គីឡូក្រាមទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជូនជនជាតិចិនប្រុសស្រី២នាក់ពាក់ព័ន្ធករណីកែច្នៃ ជួញដូរគ្រឿងញៀនជិត ១០ គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។

ជនសង្ស័យទាំង ២នាក់ ដែលត្រូវបញ្ជូនទៅកាន់តុលាការមាន៖

១-ឈ្មោះ YE YU SONG  ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ   EG3299329 ។

២-ឈ្មោះ លីង វេ (LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិ ចិន លិខិតឆ្លងដែន (គ្មាន) ។

គួររំលឹកថា សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង២០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាបករណីបទល្មើសកែច្នៃ ជួញដូរគ្រឿងញៀន នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A (ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចាប់ខ្លួនជនជាតិ ចិន ប្រុស ស្រី ២នាក់ ។

ក្នុងនោះជាលទ្ធផលកម្លាំងបានដកហូតវត្ថុតាងដូចជា៖ អ៊ិចស្តាស៊ី (MDMA)  6 គីឡូ 546,65ក្រាម , មេតំហ្វេតាមីន (ICE) 1 គីឡូ 085,35ក្រាម ៣-អំហ្វេតាមីន 608,33ក្រាម, កេតាមីន (Ketamine) 228,89ក្រាម , នីមេតាហ្សេប៉ាម (Nimetazepam)  1 គីឡូ 503,88ក្រាម ។ សារធាតុញៀន សរុប ទម្ងន់ 9 គីឡូ 973,10ក្រាម , សារធាតុគីមី 4 គីឡូ  684,70ក្រាម -ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនធំទៀត ។

បច្ចប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖