មន្រ្តីអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃទី ៧ ខែកញ្ញាថា ជំងឺរាតត្បាតកូវីដ-១៩ ទំនងជា“ រស់នៅជាមួយយើង” ខណៈដែលវីរុសនេះនៅតែបន្តឆ្លងរាលដាលនៅក្នុងប្រទេសដែលមិនបានចាក់វ៉ាក់សាំង ហើយសង្ឃឹមថានឹងអាចកំចាត់មេរោគនេះបានទាំងស្រុងគឺបានថយចុះបន្តិចម្តង។
លោក Mike Ryan អគ្គនាយកកម្មវិធីសុខភាពបន្ទាន់នៃអង្គការសុខភាពពិភពលោក បានឲ្យដឹងនៅក្នុងសន្និសីទកាសែតថា «ខ្ញុំគិតថាវីរុសកូវីដ-១៩ នឹងរស់នៅជាមួយយើង ដូចជាជំងឺផ្តាសាយធម្មតា»។
កន្លងមកមន្ត្រី WHO បញ្ជាក់ថា វ៉ាក់សាំង ក៏មិនអាចធានាថាដល់ពិភពលោកទាំងមូលថាអាចកម្ចាត់កូវីដ-១៩ បានទាំងស្រុងដូចជាវីរុសផ្សេងទៀត ។ អ្នកឯកទេសសុខាភិបាលលំដាប់ពិភពលោករបស់អាមេរិក ដូចជា បណ្ឌិត Anthony Fauci ទីប្រឹក្សាសុខាភិបាលសេតវិមានអាមេរិក និងលោក Stephane Bancel នាយកប្រតិបត្តិនៃក្រុមហ៊ុនឱសថ Moderna បានលើកឡើងថាពិភពលោក នឹងត្រូវរស់នៅជាមួយកូវីដ-១៩ ជារៀងរហូតដូចជាជំងឺផ្តាសាយទូទៅ។
លោក Ryan បានលើកឡើងថា«មនុស្សជាច្រើនបាននិយាយថាយើងនឹងកម្ចាត់វីរុសកូវីដ-១៩ ចេញពីផែនដីនេះ។ ខ្ញុំថាទេ! យើងមិនអាចធ្វើបានឡើយ ការកម្ចាត់វីរុសកូវីដ-១៩ ឲ្យអស់គឺជារឿងពិបាកកើតឡើងណាស់»។
លោក”, Maria Van Kerkhove ប្រធានក្រុមបច្ចេកទេសស្តីពីវីរុសកូវីដ-១៩ របស់អង្គការសុខភាពពិភពលោក បានលើកឡើងថា «យើងមានឱកាសក្នុងការកម្ចាត់កូវីដ-១៩ តាំងពីពេលដំបូង ហើយកូវីដ-១៩ ក៏មិនអាក្រក់ដូចជាពេលនេះដែរ ។ ការកម្ចាត់កូវីដ-១៩ ឲ្យអស់នៅពេលនេះគឺយឺតទៅហើយ មានតែរស់នៅជាមួយគ្នាដូច ផ្តាសាយ»៕
ដោយ៖ធីរីណា(រូបភាព៖Reuters )