ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យម្នាក់ដែលជាជនជតិចិនជាប់ពាក់ព័ន្ធនឹងបទល្មើសរក្សាទុក ដឹកជញ្ជូន និងជួញដូរ គ្រឿងញៀនដោយខុសច្បាប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រគល់ឲ្យតំណាងអយ្យការបើកការស៊ើបសួរតាមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្រ្កាប ករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរ គ្រឿងញៀនដោយខុសច្បាប់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយចាប់ខ្លួនជនជាតិចិនម្នាក់ និងរឹបអូសថ្នាំញៀនបានប្រមាណជិត២គីឡូក្រាម ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ហេង សុខសាន្ត ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ ។
សូមបញ្ជាក់ថា ករណីខាងលើនេះកើតឡើងនៅវេលាម៉ោង២២ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែន នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវបង្រ្កាបនៅចំណុច ផ្លូវលេខ១១១ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរឹបអូសវត្ថុតាងសារធាតុញៀនប្រភេទអុិចស្តាសុី (MDMA)ទម្ងន់សុទ្ធ១៩៩៩.០៩ ក្រាម (ជិត២គីឡូក្រាម) ។
បច្ចប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ៕
ដោយ ៖ រ៉ារ៉ា