ព័ត៌មានទាន់ហេតុការណ៍៖

បារាំងចាប់ផ្តើមបើកសវនាការកាត់ទោសករណីវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសឆ្នាំ២០១៥

ចែករំលែក៖

នៅព្រឹកថ្ងៃទី៨ ខែកញ្ញា (ពេលវេលាក្នុងតំបន់ ) ជនជាប់ចោទពាក់ព័ន្ធករណីវាយប្រហារភេរវកម្មនៅទីក្រុងប៉ារីសកាលពីឆ្នាំ២០១៥ បានឡើងទៅកាន់សវនាការក្នុងរដ្ឋធានីប៉ារីស ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់។
ក្រោយការស៊ើបអង្កេតជាច្រើនឆ្នាំនិងការរៀបចំដំណើរការតាមផ្លូវច្បាប់ តុលាការពិសេសទីក្រុងប៉ារីសបានបើកសវនាការជំនុំជម្រះលើជនសង្ស័យចំនួន២០នាក់ដែលជាប់ពាក់ព័ន្ធនឹងការវាយប្រហារបង្ហូរឈាមជាប់ៗគ្នានៅទីក្រុងប៉ារីសនិងទីក្រុង Saint-Denis នៅល្ងាចថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៥ សម្លាប់មនុស្ស១៣០នាក់។
នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៨ ខែកញ្ញា (ម៉ោងក្នុងទីក្រុងប៉ារីស) ជនជាប់ចោទមានវត្តមាននៅវិមានយុត្តិធម៌ក្នុងទីក្រុងប៉ារីសដើម្បីអនុវត្តនីតិវិធីច្បាប់។ ដើមបណ្តឹងជិត ១.៨០០នាក់ និងមេធាវី៣៣០នាក់ ចូលរួមសវនាការដែលគេរំពឹងថានឹងអូសបន្លាយរយៈពេលយ៉ាងតិចក៏៩ ខែដែរ។ នៅវេលាម៉ោង១២និង៣០ នាទីថ្ងៃត្រង់ សវនាការបានចាប់ផ្តើមជាផ្លូវការដោយមានជនជាប់ចោទ១៤នាក់ បាននាំចេញពីមណ្ឌលឃុំឃាំងទៅកាន់តុលាការក្រោមការការពារពិសេសរបស់កម្លាំងសន្តិសុខ។
ដើម្បីធានាសន្តិសុខដល់តុលាការ ផ្លូវថ្នល់ជាច្រើនឆ្ពោះទៅកាន់តុលាការ ស្ថិតនៅកោះ Cité នៅលើដងទន្លេ Seine ជិតព្រះវិហារក្នុងទីក្រុងប៉ារីស។ សវនាការកាត់ទោសជាប្រវត្តិសាស្ត្រមិនធ្លាប់មាននៅក្នុងតុលាការពិសេសនៅទីក្រុងប៉ារីសដែលទទួលបន្ទុកកាត់ទោសក្រុមភេរវកម្ម។
ជនជាប់ចោទសំខាន់បំផុតគឺលោក Salah Abdeslam ដែលជាបុគ្គលនៅរស់ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាតនៅយប់ថ្ងៃទី ១៣ខែវិច្ឆិកាឆ្នាំ២០១៥ នៅរោងមហោស្រព Bataclan និងហាងកាហ្វេ ក្នុងរដ្ឋធានីប៉ារីស ។ កម្លាំងប៉ូលិសប្រទេសបែលហ្ស៊ិកបានចាប់ខ្លួនជនសង្ស័យកាលពីខែមីនាឆ្នាំ២០១៦ ហើយបញ្ជូនទៅកាន់ប្រទេសបារាំងនៅខែមេសាឆ្នាំ២០១៦។
សរុបមានជនជាប់ចោទ១២នាក់ត្រូវកាត់ទោសជាប់គុកមួយជីវិត ។ ជនជាប់ចោទ៧នាក់ផ្សេងទៀតត្រូវជាប់គុក២០ឆ្នាំ និងម្នាក់ទៀតជាប់គុក៦ឆ្នាំ។ របាយការណ៍ស្តីពីក្រុមភេរវកម្មមានដល់ទៅ១លានទំព័រ ដូច្នេះសវនាការត្រូវអូសបន្លាយដល់ទៅ៩ខែទើបចប់៕

រូបថត៖ Le Figaro

ប្រភព៖ AFP)

ដោយ៖ធីរីណា(រូបភាព៖REUTERS)


ចែករំលែក៖