ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ កំពុងស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ នៅភាគខាងជើងរាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរទៅកាន់ស្ថានីយបូមទឹក កប់ស្រូវ

ចែករំលែក៖

ភ្នំពេញ៖ ដោយពីមានការណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពកាយ ស្ដារភក់ កាយសំរាម និងមែកឈើចេញពីប្រឡាយមេ មួយកន្លែង ប្រវែងជាង២គីឡូម៉ែត្រ នៅប្រឡាយមេភាគខាងជើងរាជធានីភ្នំពេញ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងភូមិសាស្ត្រខណ្ឌសែន សុខនិងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីបើកផ្លូវទឹកឱ្យហូរបានលឿនទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ។

   លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹង នៅព្រឹកថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០២១នេះថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការណែនាំពីលោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម រាជធានីភ្នំពេញបាននិងកំពុងស្ដារប្រឡាយមេនៅអមផ្លូវ៣០ម៉ែត្រ ដែលមានប្រវែង២២៧៩ ម៉ែត្រទទឹង៣០ម៉ែត្រ ជម្រៅ៥ម៉ែត្រ ចាប់ពីបុរីអង្គរដល់មុខក្រសួងរៀបចំដែនដី នរគរូបនីយកម្មនិងសំណង់ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខនិងខណ្ឌឫស្សីកែវ ។

   លោក ម៉ៅ ប៊ុនធឿន បានបន្តអោយដឹងទៀតថា លោក ឃួង ស្រេង អភិបាលរាជធានី បានឲ្យមន្ទីរធនធានទឹកនិងឧតុនិយម សហការជាមួយអាជ្ញាធរខណ្ឌសែនសុខនិងខណ្ឌឫស្សី កែវ ដើម្បីស្ដារប្រឡាយនេះ ឲ្យទឹកហូរបានលឿន ទៅកាន់ស្ថានីយបូមទឹកកប់ស្រូវ ។ ការងារនេះបានអនុវត្ត តាំងពីចុងខែសីហាឆ្នាំ ២០២១ ដោយយើងស្ដារ សំរាម មែកឈើ ភក់ចេញពីបាតប្រឡាយ ។ 

    លោកបានបញ្ជាក់ទៀតថា ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញ ពីខណ្ឌទួលគោក ខណ្ឌសែនសុខនិងខណ្ឌឬស្សីកែវ ។ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយម គឺត្រូវស្តារប្រឡាយមេមួយនេះ ជាប្រចាំ បើទោះបីមានការលំបាកមួយចំនួន ជុំវិញមែកឈើច្រើនយ៉ាងណាក៏ដោយ ដើម្បីធ្វើយ៉ាងណាបើកផ្លូវទឹកហូរឲ្យបានលឿនទៅកាន់ស្ថានីយកប់ស្រូវ កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌទាំងបីខាងលើនេះ៕

ដោយ ៖ សំរិត


ចែករំលែក៖