ភ្នំពេញ៖ គួរឱ្យអាណោចអាធ័មខ្លាំងណាស់ដែលបុរសពោះម៉ាយម្នាក់ជាអ្នករត់រុីម៉កម៉ូតូពេលថ្ងៃ និងធ្វើជាសន្តិសុខយាមធនាគារពេលយប់ បានគាំងបេះដូងស្លាប់លើរុឺម៉ករបស់ខ្លួនចោលកូនស្រី៣នាក់ឱ្យកំព្រាគ្មានឪពុក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ជនងគ្រោះ មានឈ្មោះ ឆឺង ឡាយ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរសន្តិសុខពេលយប់ និងរត់រុឺម៉កម៉ូតូពេលថ្ងៃ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានទីលំនៅអចិន្ត្រៃយ៍ ភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមសេចក្តីរាយករណ៍បានឱ្យដឹងថា ជនរងគ្រោះបានធ្ធ្វើជាសន្តិសុខយាមយប់ទើបតែបានបីយប់ប៉ុណ្ណោះក៏ស្រាប់តែឃេីញដេកស្លាប់បែបនេះតែម្តង។
ប្រភពបានបន្តថា បុរសរងគ្រោះខាងលេីជាអ្នករត់រុឺម៉កម៉ូតូនៅពេលថ្ងៃដើម្បីរកប្រាក់សម្រាប់ចិញ្ចឹមកូននិងធ្វើសន្តិសុខ ពេលយប់ ហេីយគេក៏មិនដឹងថាគាត់ស្លាប់ តាំងពីម៉ោងប៉ុន្មាននោះទេ ស្រាប់តែនៅវេលាម៉ោងដូចខាងលេីក៏ប្រទះឃេីញស្លាប់ នៅលេីរុឺម៉កតែម្តង។
តាមស្ត្រីម្នាក់ដែលជាសាច់ញាតិជនរងគ្រោះបានឱ្យដឹងថា បុរសខាងលេីនេះជាបុរសពោះម៉ាយ មានកូនស្រី៣ នាក់ក្នុងបន្ទុក តែដោយជនរងគ្រោះរវល់ប្រកបមុខរបររកសុីបានផ្ញើកូនទុកឱ្យម្តាយ បង្កើតមេីលថែចៅ។
ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរួចរាល់សពជនរងគ្រោះខាងលេីរួចមកបានបញ្ជាក់ថា បុរសរូបនេះស្លាប់ដោយគាំងបេះដូង រួចបានប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ ៖ អរុណរះ