ភ្នំពេញ៖ លោកសាន សុខសីហាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយបានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានខុសពីការណ៍ពិតទាំងស្រុងរបស់សារព័ត៌មាន VOD ថា សមត្ថកិច្ចគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ដោយសារមូលហេតុពួកគេរំខានប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបក្រុមចោរឆក់។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចោទប្រកាន់ខុសពីការណ៍ពិតមកលេីសមត្ថកិច្ចនោះ តាមពិតជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់បឹងទំពុន១ បានចុះធ្វេីរដ្ឋបាលត្រួតពិនិត្យនៅតាមបន្ទប់ជួលក្នុងសង្កាត់បឹងទំពុនទី១ ដោយសារមានជនសង្ស័យប្រព្រឹត្តបទល្មេីសឆក់ប្លន់បានរត់ចូលក្នុងទីតាំងដូចបានបញ្ជាក់ខាងលេី។ ពេលសមត្ថកិច្ចកំពុងអនុវត្តការងារក៏មានយុវជន២នាក់ចេញមកថតសកម្មភាពអនុវត្តការងាររបស់សមត្ថកិច្ច ដោយពុំមានការអនុញ្ញាត។ ដោយឃេីញដូច្នេះសមត្ថកិច្ចជំនាញក៏បានធ្វេីការណែនាំអប់រំ និងឱ្យលុបរូបនេះចេញវិញ ដោយមិនបានធ្វេីការឃាត់ខ្លួនឬដាក់ទោសអ្វីឡេីយ»។
លោក សាន សុខសីហា បានបញ្ជាក់បន្ថែមទៀតថា «សេចក្តីបកស្រាយ បំភ្លឺ និងបដិសេធរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ ទាក់ទងទៅនឹងសារព័ត៌មាន VOD ដែលបានចុះផ្សាយព័ត៌មានខុសពីការណ៍ពិតទាំងស្រុង ថាមានករណីគំរាមចាប់ខ្លួនអ្នកការពារបរិស្ថាននៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ»ជារឿងមិនពិត។
ក្នុងនាមសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការអំពាវនាវដល់គ្រប់សារព័ត៌មានជាតិ អន្តរជាតិ និងសាធារណជនទាំងអស់មុននឹងធ្វេីការផ្សព្វផ្សាយព័ត៌មានសូមធ្វេីការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ ដោយកុំធ្វេីការសន្និដ្ឋានដោយអត្តនោម័តដែលធ្វេីឱ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងនគរបាលជាតិ និងធ្វេីឱ្យមានការវាយតម្លៃអវិជ្ជមានចំពោះកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ច ដែលអំពេីនេះគួរតែត្រូវបានបញ្ឈប់ជាបន្ទាន់។
ជាមួយគ្នានេះដែរ លោក សាន សុខសីហា ក៏បានអំពាវនាវឱ្យចូលរួមសហការលុបបំបាត់ព័ត៌មានមិនពិតផងដែរ៕
ដោយ ៖ អរុណរះ