ព័ត៌មានទាន់ហេតុការណ៍៖

ចាក់បំផ្លាញចោលអាល់កុលក្លែងក្លាយ៩៤៤ប៊ីដុង ក្រោយបង្រ្កាបបានកាលពីថ្ងៃអាទិត្យមុន

ចែករំលែក៖

ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី ៨ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តតាកែវបានចាក់បំផ្លាញចោលទឹកអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន៩៤៤ប៊ីដុង  ក្រោយ​ប្រតិបត្តិការបង្ក្រាប និងរឹបអូសដកហូតបាន នៅ​ពីរ​ទីតាំង​ផ្សេងគ្នា​ ក្នុងស្រុក​គីរីវង់​កាលពីថ្ងៃអាទិត្យមុន។​

សមត្ថកិច្ចបានឲ្យដឹងថា ​ការចាក់​បំផ្លាញចោល​អាល់កុល​ក្លែងក្លាយ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ លោក ខាន់ សុខា អភិបាលរង​ខេត្តតាកែវ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។ ទឹក​អាល់កុល​ក្លែងក្លាយ​(​មេ​តា​ណុល​) ដែល​បាន​ចាក់​បំផ្លាញចោល​ មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​នឹង​២៨៣២០​លីត្រ បន្ទាប់ពីបង្រ្កាបបានកាលពី​ថ្ងៃអាទិត្យ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​១៤​និង​៣០​នាទី​។ ការបង្រ្កាបនេះធ្វើឡើងដោយកម្លាំង​ជំនាញ​បន្ទាប់ពីបាន​ប្រទះឃើញ​រ៉ឺម៉ក​ម៉ូតូ​ចំនួន​០២​គ្រឿង​ កំពុងដឹក​ទឹក​អាល់កុល​ក្លែងក្លាយ​ នៅតាម​បណ្តោយ​ផ្លូវជាតិ​០២​ស្ថិតក្នុង​ភូមិ​ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ​។ពេលនោះកម្លាំង​នគរបាល​ជំនាញ សហ​ការជាមួយ​មន្ត្រី​សាខា​កាំកុងត្រូល​ប្រចាំ​ខេត្តតាកែវ អាជ្ញាធរ​ពាក់ព័ន្ធ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ផង​នោះ ក៏បានឃាត់និងរឹបអូសទឹក​អាល់​ក្លែងក្លាយ​(​មេ​តា​ណុល​)​ចំនួន​ពីរ​ទីតាំង​ផ្សេងគ្នា​ដែលមាន​តំណាង​ម្ចាស់​ទំនិញ​ឈ្មោះ ហុង ស្រី ម៉ាច និង​ឈ្មោះ ច័ន្ទ សុ​ណា មាន​ចំនួន​៩៤៤​ប៊ីដុង​ស្មើ​និង​២៨៣២០​លីត្រ​យកទៅរក្សាទុក ហើយសម្រេចយកមកចាក់បំផ្លាញចោលក្នុងថ្ងៃនេះតែម្តង៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖