មន្ត្រីរដ្ឋាភិបាលឥណ្ឌាបានខិតខំទប់ស្កាត់ពលរដ្ឋចូលរួមនៅក្នុងពិធីបុណ្យសាសនាដ៏ធំបំផុតដែលចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ។ រដ្ឋាភិបាលបានព្រមានថា រលកកូវីដ-១៩ថ្មីនឹងផ្ទុះឡើងនៅទីក្រុងមុមបៃ ។
សារព័ត៌មាន Al Jazeera បានផ្សាយថា មន្ត្រីរដ្ឋាភិបាលបណ្តារដ្ឋ បានខិតខំទប់ស្កាត់ពលរដ្ឋប្រមូលផ្តុំគ្នា ជាពិសេសនៅក្នុងរដ្ឋដែលមានករណីឆ្លងកូវីដកើនឡើងខ្ពស់ កាលពីខែមេសា និងខែឧសភា ដោយសារតែបុណ្យសាសនាផងដែរ។
លោកស្រី Kishori Pednkar អភិបាលក្រុងមុមបៃ បានព្រមានថា «រលកកូវីដ-១៩លើកទីបីនឹងមិនមកឡើយ តែវាបាននៅទីនេះស្រាប់»។
ចំណែកអភិបាលរដ្ឋ Maharashtra លោក Uddhav Thackeray បានលើកឡើងថា«យើងនឹងរៀបចំពិធីបុណ្យនាពេលក្រោយ ប៉ុន្តែពេលនេះយើងផ្តល់អាទិភាពការពារសុខភាពនិងអាយុជីវិតរបស់ពលរដ្ឋ»។
ពិធីបុណ្យ Ganesh Chaturthi របស់សាសនាហិណ្ឌូ ដែលជាសាសនាធំបំផុតនៅឥណ្ឌានឹងចាប់ផ្តើមឡើងនៅថ្ងៃទី១០ខែកញ្ញា ហើយអូសបន្លាយដល់ថ្ងៃទី១១ខែកញ្ញាទើបបញ្ចប់។ សាសនិកជាច្រើនបានជួបជុំគ្នាដើម្បីធ្វើពិធីសាសនាដែលជាហេតុបង្កឲ្យមានករណីឆ្លងកូវីដ-១៩ច្រើន។
រលកកូវីដ-១៩ នាពេលកន្លងមក ធ្វើឲ្យមន្ទីរពេទ្យឥណ្ឌាទាំងអស់ពេញណែន ហើយមានអ្នកស្លាប់ដល់ទៅ ២សែននាក់។ ការឆ្លងខ្លាំងដោយសារតែពិធីបុណ្យ Kumbh Mela ដែលជាពិធីបុណ្យសាសនាធំបំផុតលើពិភពលោក ដោយមានពលរដ្ឋកាន់សាសនាហិណ្ឌូរហូតដល់ទៅជាង២៥លាននាក់ចូលរួម ។
នៅក្នុងរដ្ឋ Kerala មានករណីឆ្លងកូវីដ-១៩បំប្លែងថ្មីដែលតាខ្ពស់កាលពីខែសីហា ក្រោយពេលពលរដ្ឋចូលរួមពិធីបុណ្យ Onam ។
ឥណ្ឌាជាប្រទេសមានករណីឆ្លងកូវីដ-១៩ខ្ពស់បំផុតទីពីរនៅលើពិភពលោកបន្ទាប់ពីអាមេរិក។ គិតមកដល់ថ្ងៃទី៩ខែកញ្ញា ឥណ្ឌាមានករណីឆ្លងសរុបដល់ទៅជាង ៣៣លាននាក់និងស្លាប់ជាង ៤៤១ពាន់នាក់៕ដោយ៖ធីរីណា
រូបភាព៖Rafiq Maqbool/AP
រូបភាព៖Francis Mascarenhas/Reuters.