ខេត្តកំពង់ឆ្នាំង៖ បើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា, នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងសហការី បានចុះសាកសួរសុខទុក្ខនិងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩ ចំនួន៣៣៥គ្រួសារស្ថិតនៅក្នុងតំបន់ដែលបិទខ្ទប់ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដែលជានិច្ចកាលសម្ដេច លោក តែងគិតគូរសុខទុក្ខប្រជាពលរដ្ឋក្នុងអំឡុងពេលនៃការរីករាលដាលនៅជំងឺកូវីដ-១៩ និងបានផ្តល់ នូវស្បៀងអាហារជាច្រើនដល់រដ្ឋបាលខេត្តសម្រាប់នាំយកចាត់ចែងផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺជំងឺកូវីដ-១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដោយអនុវត្តវិធានការដែលអាជ្ញាធរបានដាក់ចេញ ក៏ដូចជាអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ និង ទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
អំណោយដែលលោកបាននាំយកមកធ្វើការចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ក្នុងឃុំសំរោងសែទាំង៣៣៥គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម,មីជាតិ០១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១យួរ ៕
ដោយ៖ សិលា