ការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ក្រុមបិសាចក្រហម Manchester United គឺធ្វើឡើងតែ២-៣ថ្ងៃមុនពេលបិទទីផ្សារដោះដូរកីឡាករគឺជារឿងមួយនៃរដូវកាលនេះ។
កីឡាករវ័យ៣៦ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅក្លិប Manchester City ដែលជាគូប្រជែង របស់ Man United ប៉ុន្តែផ្ទុយទៅវិញគាត់បានជ្រើសរើសយកក្រុមបិសាចក្រហម Manchester United ក្នុងការវិលត្រឡប់បន្ទាប់ពី Man City បានដកខ្លួនចេញពីការប្រជែងដើម្បីចុះហត្ថលេខា។
Ronaldo បាននិយាយលាទៅកាន់ក្លិប Juventus ដើម្បីត្រឡប់ទៅ Old Trafford វិញ ប៉ុន្តែគាត់មិនបានផ្តល់ការពន្យល់ពីមូលហេតុដែលគាត់ចាកចេញពីក្រុមអុីតាលីដែលគាត់បានចំណាយពេល៣ឆ្នាំចុងក្រោយនោះទេ។
ទោះយ៉ាងណាអតីតអ្នកប្រយុទ្ធ UFC និងជាមិត្តជិតស្និទ្ធិរបស់រ៉ូណាល់ដូ លោក Khabib Nurmagomedov បានអះអាងថា ខ្សែប្រយុទ្ធព័រទុយហ្គាល់រូបនេះចាកចេញពីក្លិប Juventus ដោយសារតែគាត់ធុញទ្រាន់។
Khabib បាននិយាយថា “ខ្ញុំមិនចង់បង្ហាញពីការជជែកជាឯកជនរបស់យើងទេគាត់ប្រាប់ខ្ញុំថាគាត់អផ្សុកនៅអុីតាលី ហើយគាត់ចង់ផ្លាស់ទៅអង់គ្លេស។ ខ្ញុំក៏មិនមែនជាអ្នកគាំទ្រកីឡាបាល់ទាត់អុីតាលីដែរ ប៉ុន្តែជាមួយនឹងលីគកំពូលអង់គ្លេសខ្ញុំនឹងមិនផ្លាស់ប្តូរឡើយ ក្រុមណាមួយនៅទីនោះអាចធ្វើបាន”។
នៅពេលត្រូវបានសួរដើម្បីប្រៀបធៀប Ronaldo និង Lionel Messi លោក Khabib បាននិយាយថា ពួកគេទាំងពីរគឺជាកីឡាករដ៏អស្ចារ្យ ប៉ុន្តែកីឡាករRonaldo មានមន្តស្នេហ៍។
កីឡាករប្រយុទ្ធក្នុងទ្រុង UFC សញ្ជាតិរុស្ស៊ី Khabib បានបន្តថា “Cristiano បានឈរនៅកំពូលតារាងអស់រយៈពេល១៧ឆ្នាំហើយ។ នៅឆ្នាំ២០០៤ គាត់បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៅពានរង្វាន់អឺរ៉ុប (យូរ៉ូ) ហើយឥឡូវនេះវាដល់ឆ្នាំ២០២១ ហើយគាត់នៅតែរកគ្រាប់បាល់បាន។ មិនដែលមានបាតុភូតបែបនេះនៅក្នុងបាល់ទាត់ទេ ខ្ញុំគិតថា Messi បានឈានដល់ចំណុចកំពូលរបស់គាត់អស់រយៈពេលប្រហែល១២ឆ្នាំ ហើយ Cristiano បាន១៧ឆ្នាំ” ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)