ខេត្តបាត់ដំបង៖ ឆ្លងតាមការធ្វើតេស្តរយៈពេល០២ថ្ងៃ មន្ត្រីសុខាភិបាលជួរមុខបានរកឃើញអ្នកផ្ទុកនូវជំងឺកូវីដ-១៩ ជាង ២០០នាក់ ក្នុងចំណោមក្រុមអាជីវករជិត ៦០០នាក់នៅផ្សារ ខេ .អ. ឌី តំបន់ព្រំដែនកំរៀង ក្នុងស្រុកកំរៀង។
លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រកាសឲ្យដឹងថា៖ អាជីវករម្នាក់បានឆ្លងដែនចូលទៅទិញទំនិញនៅក្នុងផ្សារថៃហើយបានឆ្លងជំងឺកូវីដ-១៩ ក្រោយត្រឡប់មកវិញបានយកទំនិញនោះមកដាក់លក់ ចែកចាយនៅក្នុងផ្សារកំរៀង ហៅផ្សារ ខេ.អ.ឌី ( KRD ) ក៏បានឆ្លងទៅដល់អ្នកដទៃយ៉ាងច្រើនជាបន្តបន្ទាប់។
ការចម្លងរីករាលដាលនេះត្រឹមរយ:ពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ០៨ -០៩ ខែកញ្ញា ឆ្នាំ២០២១នេះមន្ត្រីជំនាញសុខាភិបាលបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលសរុបចំនួន ៥៦៩នាក់ ក្នុងនោះបានរកឃើញអាជីវករចំនួន ២១៦នាក់មានផ្ទុកជំងឺកូវីដ-១៩ និងវីរុសបំប្លែងថ្មី។
ជាមួយការរកឃើញនូវជំងឺកូវីដ-១៩ជាច្រើនបន្តបន្ទាប់នេះដែររដ្ឋបាលស្រុកបានសម្រេចបិទផ្សារកំរៀងទាំងស្រុង រួមទាំងមូលដ្ឋានជុំវិញផ្សារមួយចំនួនទៀតផងដែរជាតំបន់ក្រហម ជាបណ្តោះអាសន្នដើម្បីកាត់ផ្តាច់ខ្សែចម្លងនូវជំងឺដ៏កាចសាហាវនេះ។
ចំពោះមុខលោកប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវយ៉ាងទទូចផងដែរចំពោះបងប្អូនអាជីវករ រួមទាំងអតិថិជនអ្នកទិញទាំងអស់ដែលជាប់សង្ស័យថាមានការពាក់ព័ន្ធសូមចូលរួមពិនិត្យតេស្តសំណាកឲ្យបានលឿនបំផុតជៀសវាងបន្តការរាលឆ្លងទៅកាន់កូន ចៅ ឬអ្នកដទៃបន្ថែមទៀត៕
ដោយ៖ ចន្ទ លីហ្សា