ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកចេញពីក្រុមហ៊ុនជ្រុលកិនម៉ូតូបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងបេីកចេញពីក្រុមហ៊ុនជ្រុលទៅបុកកិនម៉ូតូមួយគ្រឿងបណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ចំណែកបុរសជាប្តីរងរបួសស្រាលរីឯម៉ូតូគាបជាប់ខាងក្រោមរថយន្តរងការខូចខាតយ៉ាងដំណំ។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចមុខក្រុមហ៊ុនហុងដា​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1IS 3955​ រួមដំណេីរជាមួយប្រពន្ធ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ​ ក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ក្បាលពណ៌ខៀវ​ លាយឈាមជ្រូក​ ពាក់ស្លាកលេខ3A 0279 ធ្វេីដំណេីរចេញពីក្រុមហ៊ុនហុងដា​ ឡេីងលេីផ្លូវចោមចៅក៏ជ្រុកបុកនិងកិនម៉ូតូគាបជាប់ខាងក្រោមរថយន្តបណ្តាលឱ្យស្ត្រីអង្គុយខាងក្រោយរងរបួសធ្ងន់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖