ព័ត៌មានទាន់ហេតុការណ៍៖

លោកបណ្ឌិត អុិត សំហេង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំ ស្តីពីការងារចលនា កម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងពលករក្រៅប្រទេសសម្រាប់ ឆ្នាំ២០២២-២០២៣

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត អុិត សំហេង ប្រធានគណៈកម្មាធិការដឹកនាំការកសាង គណបក្ស កសាងអង្គការសហជីព និងចលនាកម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន នាព្រឹកថ្ងៃសៅ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនាំ ស្តីពីការងារចលនា កម្មករនិយោជិត តាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងពលករក្រៅប្រទេសសម្រាប់ ឆ្នាំ២០២២-២០២៣ តាមប្រព័ន្ធអនឡាញ Zoom។ កិច្ចប្រជុំបានដាក់ចេញនូវទិសដៅការងារ ដើម្បីគ្រប់ផ្នែកពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេសយកធ្វើជាមូលដ្ឋានក្នុងការធ្វើសកម្មភាពផ្តល់កិច្ចគាំពារថែមទៀតដល់បងប្អូនកម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងពលករកម្ពុជានៅក្រៅប្រទេស ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ លោកបណ្ឌិតប្រធាន បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាចាត់ទុកចលនាកម្មករនិយោជិត ជាគោលដៅអាទិភាពមួយនៅក្នុងកម្មវិធីនយោបាយរបស់គណបក្ស និងជាកម្លាំងសារវន្តចូលរួមជាមួយគណបក្សក្នុងការសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រជាច្រើន។ 

ជាក់ស្តែងពិធីសំណេះសំណាលជាប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ជាមួយបងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រព័ន្ធចំនួន ៧៧លើក មានកម្មករនិយោជិតចូលរួមចំនួនប្រមាណ ១លាននាក់ ជាជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការងារកសាងបក្សក្នុងជួរកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន និងពលករក្រៅប្រទេសដែលបានជំរុញការងារចលនាកម្មករនិយោជិតរបស់គណបក្ស កាន់តែផ្សាភ្ជាប់ស៊ីជម្រៅដល់បេះដូងកម្មករនិយោជិត និងក្រុមគ្រួសាររបស់បងប្អូន ហើយទាក់ទាញបានការចូលរួមអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា រួមចំណែកយ៉ាងធំធេងក្នុងជ័យជម្នះនៃការបោះឆ្នោត ឆ្នាំ២០១៨ ភ្លូកទឹកភ្លូកដីរបស់គណបក្ស។ 

តាមរយៈកម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ បានដាក់ចេញអនុសាសន៍គន្លឹះ ១០ចំណុច ដែលបានគិតគូអំពីផលប្រយោជន៍ របស់បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេស។ អនុសាសន៍ទាំង ១០ចំណុចគឺជាចំណុចគន្លឹះសម្រាប់ជាមូលដ្ឋានសម្រាប់បន្តអនុវត្តគោលនយោបាយគាំពារសិទ្ធិ និងផលប្រយោជន៍ របស់បងប្អូនកម្ម ករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ និងពលករក្រៅប្រទេស។

ជាមួយគ្នានេះ លោកបណ្ឌិតប្រធាន ក៏បានណែនាំសមាជិក សមាជិកា ទាំងអស់ ឱ្យបន្តពង្រឹងការអនុវត្តប្រតិទិនការងារជាក់ស្តែងនៃគណបក្សថ្នាក់នីមួយៗ ស្របតាមសេចក្តីសម្រេចលេខ១៦៣/០៥២១/សស.គក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕

ដោយ៖សហការី


ចែករំលែក៖