ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ អញ្ជើញត្រួតពិនិត្យការអនុវត្តនីតិវិធីស្តង់ដារ ប្រតិបត្តិ(SOP) ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅសាលាអនុវិទ្យាល័យទួលកែវ ស្ថិតនៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលត្រៀមដាក់ឱ្យដំណើរការនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
សូមជម្រាបជូនថា យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្តីពីការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដែលមានហានិភ័យទាប ដើម្បីត្រៀមបើកសាលាសាកល្បងឡើងវិញ ក្នុងរដ្ឋបាលខេត្ត បានជ្រើសរើសយកសាលា ដែលមានសុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់បានល្អ បើកដំណើរការសាកល្បង ដោយផ្តោតលើសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ចំនួន៥សាលា នៅតាមក្រុងស្រុកទាំង៥ មានដូចជា ១. វិទ្យាល័យកែវផុស នៅស្រុកស្ទឹងហាវ ២. អនុវិទ្យាល័យទួលកែវ នៅស្រុកព្រៃនប់ ៣. វិទ្យាល័យ ហ៊ុន សែន មិត្តភាព នៅក្រុងព្រះសីហនុ ៤. អនុវិទ្យាល័យស្ទឹងសំរោង នៅស្រុកកំពង់សីលា និង៥. អនុវិទ្យាល័យព្រែកស្វាយ នៅក្រុងកោះរ៉ុង។
ក្នុងឱកាសនោះលោកអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់លោកនាយកសាលា ត្រូវរៀបចំឱ្យមានកន្លែងលាងដៃ រក្សាគម្លាតសុវត្ថិភាព នៅពេលសិស្សនុសិស្សចេញលេង កុំឱ្យចេញពេលស្របគ្នា គឺត្រូវឆ្លាស់ពេលគ្នាដើម្បីកាត់បន្ថយហានិភ័យ សូមឱ្យលោកគ្រូ អ្នកគ្រូ ត្រូវមកសាលាមុនសិស្ស ដើម្បីមើលការងារខុសត្រូវ។ បន្ថែមពីនោះទៀតឯកឧត្តម អភិបាលខេត្ត ក៏បានចាត់ឱ្យលោកអភិបាលស្រុក ត្រូវរកក្រុមជាងដើម្បីជួសជុលដំបូលអាគារសាលារៀន ដែលរងការខូចខាតឡើងវិញ៕
ដោយ៖សហការី