ពលរដ្ឋនៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី នៅថ្ងៃទី ១១ខែកញ្ញា បាននាំគ្នាទៅកាន់ឆ្នេរសមុទ្រ ហាលថ្ងៃ ក្នុងពេលអាកាសធាតុមានសីតុណ្ហភាព ៣០អង្សាសេ មិនខ្វល់ពីកូវីដ-១៩ ដែលកំពុងតែឆ្លងរាលដាល ក្នុងតំបន់បានបិទខ្ទប់។
នៅថ្ងៃទី១១ ខែកញ្ញា ពលរដ្ឋរាប់ពាន់នាក់បាននាំគ្នាទៅកាន់ឆ្នេរសមុទ្រ ក្នុងតំបន់ Bronte, Bondi និង Manly ដើម្បីហាលថ្ងៃ។ ការជួបជុំគ្នាច្រើននៅឆ្នេរសមុទ្រ បានបង្កក្តីបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាលកូវីដ ១៩ជាថ្មី។ ប៉ុន្តែមន្ត្រីសុខាភិបាល រដ្ឋ New South Wales លោក Brad Hazzard បានបញ្ជាក់ថា បរិយាកាសនៅខាងក្រៅគឺបរិសុទ្ធនិងមានសុវត្ថិភាព ក្នុងពេលនេះ ដោយគ្រាន់តែបារម្ភ ខ្លាចពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។
ប៉ុន្តែដើម្បីតាមដានការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ កម្លាំងប៉ូលិស ក្នុងតំបន់បានបង្កើតទីតាំងត្រួតនិត្យផ្លូវធំដើម្បីធានាថាពលរដ្ឋមិនធ្វើដំណើរលើសពី ៥គីឡូម៉ែត្រពីផ្ទះរបស់ខ្លួននោះឡើយ ។ ប៉ុន្តែក្រោយការបើកទ្វារឆ្នេរសមុទ្របានប៉ុន្មាន ក៏ត្រូវបិទវិញផងដែរ ក្រោយមានពលរដ្ឋទៅច្រើន។
ផ្ទុយទៅវិញ រដ្ឋដែលមានប្រជាជនរស់នៅច្រើនបំផុតទី៣ របស់ប្រទេសអូស្រ្តាលី នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះបានព្រមានថា ខ្លួនអាចបញ្ជាឱ្យដាក់ចេញនូវវិធានការបិទខ្ទប់ភ្លាមៗ បន្ទាប់ពីមានករណីឆ្លងជំងឺ COVID-19 ជាចង្កោមត្រូវបានរកឃើញនៅក្នុងរដ្ឋនេះ។
មន្ត្រីរដ្ឋ Queensland ដែលមានប្រជាជនរស់នៅជាង ៥លាននាក់ បាននិយាយថាខ្លួនបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ០៥ករណី ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ បន្ទាប់ពីគ្រួសារមួយបានធ្វើតេស្តវិជ្ជមានចំពោះជំងឺឆ្លង ដ៏កាចសាហាវនេះ។ ជុំវិញបញ្ហានេះ នឹងមានការសម្រេចនៅប៉ុន្មានថ្ងៃខាងមុខទៀតថាតើវិធានការបិទខ្ទប់ គួរតែត្រូវដាក់ចេញដែរ ឬទេ?
បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ អូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំង ប្រទេស ៧១,៩៧២ ករណី ក្នុងនោះមានអ្នកស្លាប់ ១,០៨៤នាក់ និងអ្នកជាសះស្បើយ ៣៦,១៧៣នាក់៕
ដោយ÷ធី រីណា(មនុស្សមមាញឹកទៅឆ្នេរ Bronte នៃទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី)