ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃស្អែកនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់​ និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ។

សូមជម្រាបថា តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា លោក​ វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រី ការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១។

 ​ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង មានអាហារការងារពេលព្រឹកជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង។

 ជាមួយគ្នានេះ​​លោក​ វ៉ាង យី នឹងអញ្ជើញមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ សន្តិសុខនិងការពារជាតិ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួម ផងដែរ។

 សូមជម្រាបថា​ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយជាទីតាំងសំខាន់សម្រាប់ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ហើយដែលក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ​ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (CAMSOC) និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធាន CAMSOC ក៏នឹងមានវត្តមានផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក វ៉ាង យី ក៏នឹងអញ្ជើញធ្វើជាសាក្សី និងអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារទ្វេភាគីដ៏សំខាន់មួយចំនួនផងដែរ។

 គួរបញ្ជាក់ថា​ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោក វ៉ាង យី មកកាន់កម្ពុជាលើកនេះ នឹងបន្តពង្រឹងបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន៕

ដោយ​៖ស​ តារា​


ចែករំលែក៖