ភ្នំពេញ៖ រថយន្តធុនដ្រាមួយគ្រឿងតៃកុងបើកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តឡិចស៊ីស RX300 ពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១នៅចំណុចមុខបុរីឡុង នី តាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តឡិចស៊ីស RX300 មួយគ្រឿងពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2P-8492 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តធុនដ្រាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-4472ធ្វើដំណើរមកពីក្រោយដោយខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកគូទរថយន្តឡិចសុីស ពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាអស់រយ:ពេលជាង២ម៉ោងនៅតែមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនជំនាញធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ