ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលស្រុកពញាឮឃាត់ខ្លួនជនសង្ស័យ៥នាក់ជាបន្តបន្ទាប់ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកពញាឮឃាត់ខ្លួនបានជាបន្តបន្ទាប់ក្នុងពីរគោលដៅផ្សេងគ្នាពាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ 

     សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យមានចំនួន៥នាក់ ក្នុងនោះមានស្រី១នាក់ព្រមទាំងចាប់យកវត្ថុតាងសរុបមាន៖ ១-គ្រឿងញៀនមេតំហ្វេតាមីន(Ice) ចំនួន១៦កញ្ចប់ (ធំ៦, តូច ១០ ) ទម្ងន់សរុប៦០១,៨៤ ក្រាម, ២-ទូរស័ព្ទចម្រុះចំនួន៥គ្រឿង, ៣ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ៤-ម៉ូតូ ចំនួន៥គ្រឿង ។

   ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចលើគោលដៅទី១ធ្វើឡើងនៅវេលាម៉ោង១៤ និង០០នាទី ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ឈឺន ផានី ភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យបាន៣នាក់គឺ៖

  ១-ឈ្មោះ ង៉ែត យូឡុង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ជួញដូរ )។

 ២-ឈ្មោះ ឈឺន ផានី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ប្រើប្រាស់ )។    

 ៣-ឈ្មោះ ម៉ៃ គឹមហឿន ហៅរាជ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល (ប្រើប្រាស់)។

   ចំពោះវត្ថុតាងចាប់យកមាន៖

   ១-គ្រឿងញៀនមេតំហ្វេតាមីន (ice) ចំនួន០៧កញ្ចប់តូច ទម្ងន់ ១,១៧ក្រាម ។

   ២-ឧបករណ៍ប្រើប្រាស់សារធាតុញៀនមួយចំនួន ។

   ៣-ទូរស័ព្ទចំនួន០៣គ្រឿង ( ម៉ាក iPhone 6 ចំនួន០១គ្រឿង, ម៉ាក Realme ចំនួន១គ្រឿង , ម៉ាក Nokia ចុចពិលចំនួន១ គ្រឿង ) ។

   ៤-ម៉ូតូ ចំនួន៣គ្រឿង (១-ម៉ាក Honda PCX ពណ៌ស លាយឈាមជ្រូក ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9090 , ២-ម៉ាក Let’s ពណ៌ស លាយក្រហម ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CF-1671 , ៣-ម៉ាក SUZUKI Smash Revo ពណ៌ខ្មៅ ផលិតឆ្នាំ២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1AD-1501) ។

   ចំណែកគោលដៅទី២ សមត្ថកិច្ចធ្វើឡើងនៅវេលាម៉ោង១៥និង៤០នាទី នៅចំណុចផ្ទះជួលរបស់ឈ្មោះ សុខ គឹមសាក់ ភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។

ឃាត់ខ្លួនជនសង្ស័យ២នាក់៖

  ១-ឈ្មោះ សុខលី ឆវ័ន្ត ហៅ សាត វណ្ណឌី ហៅឌី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( មេបណ្តាញជួញដូរ )ធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន២ឆ្នាំ (២០១៤ ដល់ ២០១៦ ) ។

  ២-ឈ្មោះ សុខ គឹមសាក់ ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិ ស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិស្លែង ឃុំជ្រៃលាស់ ស្រុក ពញាឮ ខេត្តកណ្តាល ( ជួញដូរ )។

   វត្ថុតាងចាប់យកមាន៖

   ១-គ្រឿងញៀន មេតំហ្វតាមីន (ice) ចំនួន៩កញ្ចប់ (ធំ៦, តូច៣ ) ទម្ងន់ ៦០០,៦៧ក្រាម (ជាង៦ខាំ) ។

   ២-ទូរសព្ទចំនួន០២គ្រឿង ( ម៉ាកNokia ចុចពិល និង ម៉ាក IPad )។ 

   ៣-ម៉ូតូចំនួន០២ គ្រឿង ( ម៉ាក PCX ពណ៌ស ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1CK-1311 និង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1IS-9402 ) ។     

  សមត្ថកិច្ចបានបញ្ជាក់ពីដំណើរសាច់រឿងឱ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំងផ្នែកជំនាញបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះរបស់ឈ្មោះ ឈឺន ផានី មានការប្រមូលផ្តុំគ្នាធ្វើសកម្មភាពជួញដូរ និង ប្រើប្រាស់គ្រឿងញៀន។  ក្រោយពីទទួលបានព័ត៌មានរួចភ្លាម កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃលាស់ និងឈ្វាំង ចុះទៅដល់ចំណុចកើតហេតុឃើញជនសង្ស័យកំពុងជួបជុំគ្នាធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ និងចាប់យកវត្ថុតាងមានក្នុងចំណុចគោលដៅទី១ ខាងលើ ។ ដោយផ្តើមចេញពីចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ង៉ែត យូឡុង កម្លាំងជំនាញបន្តនីតិវិធីស្រាវជ្រាវ តាមបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ទៀត និង ចាប់យកវត្ថុតាង មានដូចក្នុងចំណុចគោលដៅទី២ខាងលើ។ 

      នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ង៉ែត យូឡុង បានសារភាពថា ថ្នាំញៀនដែលខ្លួនយកមកជួញដូរនេះ គឺទិញពីឈ្មោះ សុខ គឹមសាក់ ភេទស្រី នៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ដោយទិញម្តងៗពី៣០មុឺនរៀល និង ១០០$ យកមករំលែកលក់បន្ត ពេលដែលលក់អស់ទើបទៅទិញទៀត ។

   ចំណែកជនសង្ស័យឈ្មោះសុខលី ឆវ័ន្ត ហៅ សាត វណ្ណឌី ហៅឌី បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា ថ្នាំញៀនដែលខ្លួនទិញមកនេះគឺក្នុងអំឡុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ចំនួន ១០ដុំ ស្មើនឹង១គីឡូក្រាម តម្លៃ ៥.៥០០$ ទិញពីឈ្មោះ ស្រីនាង ភេទស្រី និង ឈ្មោះ វីត ភេទប្រុស នៅខេត្តសៀមរាប ដែលបម្រើការងារតាមក្លិបកម្សាន្ត  ដោយយកមកលក់ក្នុង១ដុំ (ប្រហែល១ខាំ) តម្លៃ១.៣០០$ ( មួយពាន់បីរយដុល្លា) លក់អោយទៅឈ្មោះ ង៉ែត យូឡុងបានចំនួន ៣-៤លើកមកហើយ។

  បច្ចុប្បន្នជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ដោយ ៖ ១០៣


ចែករំលែក៖