ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យដែលជាប់ពាក់ព័ន្ធបទល្មើសច្រើនជាប់ខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅកាន់តុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារ, បង្ខាំងមនុស្សដោយចេតនាទុច្ចរិត ក្នុងគោលដៅគំរាមទារប្រាក់ពីប្រពន្ធរបស់ខ្លួន, កាន់កាប់អាវុធដោយខុសច្បាប់ និង រំលោភសេពសន្ថវៈទៅលើកូនស្រីចុង ដោយគំរាមកំហែងថានឹងសម្លាប់។ លើសពីនេះទៅទៀត ជនសង្ស័យរូបនេះ ក៏ជាបុគ្គលដែលល្បីសំបូររឿងក្តី មិនចេះចប់ ក្នុងរយៈកាលកន្លងមក ទាំងនៅតាមបណ្តាខេត្តនិងរាជធានី។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនស្រ៊ី ភេទប្រុស អាយុ៥៦ឆ្នាំ មានស្រុកកំណើត នៅឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម បានចាប់ដៃគ្នាជាប្តីប្រពន្ធ ជាមួយស្រ្តីមេម៉ាយម្នាក់មានកូន០៥ កាលពីចុងឆ្នាំ២០១១ ។  លុះមកដល់ចុងឆ្នាំ២០១៩ ជនសង្ស័យបានដាក់ពាក្យបណ្តឹងនៅតុលាការដើម្បីសុំលែងលះប្រពន្ធនិងចែកទ្រព្យសម្បត្តិគ្នា ប៉ុន្តែជនសង្ស័យបែរជាប្រាប់ប្រពន្ធថា ខ្លួនបានដាក់បណ្តឹងព្រហ្មទណ្ឌឲ្យតុលាការចាប់ប្រពន្ធដាក់គុក បើប្រពន្ធចង់រួចបណ្តឹងត្រូវធ្វើកិច្ចព្រមព្រៀង លែងលះគ្នាដោយស្ម័គ្រចិត្ត ចែកទ្រព្យសម្បត្តិគ្នាពាក់កណ្តាល ក្នុងនោះរួមមានដីធ្លីនៅអង្គស្នួល០២កន្លែងនិងផ្ទះនៅអូរបែកក្អម ០១កន្លែង ព្រមទាំងត្រូវសងលុយឲ្យជនសង្ស័យ១៨ម៉ឺនដុល្លារនៅពេលណាដែលលក់ដីដែលជាទ្រព្យផ្ទាល់របស់ប្រពន្ធនៅឯខេត្តសៀមរាបដាច់។ ស្រាប់តែពេលប្រពន្ធចូលដល់តុលាការ ទើបដឹងថាប្តីខ្លួនប្តឹងលែងលះទៅវិញ ពុំមែនប្តឹងរឿង ព្រហ្មទណ្ឌដើម្បីចាប់ខ្លួនដាក់គុកដូចការគំរាមរបស់ប្តីឡើយ ដូច្នេះ ប្រពន្ធក៏មិនព្រមយកកិច្ចព្រមព្រៀងបែងចែកទ្រព្យនិង សងលុយឲ្យជនសង្ស័យនោះប្រគល់ទៅឲ្យតុលាការទេ។ ក្រោយមកជនសង្ស័យដែលជាប្ដី បានហៅប្រពន្ធមកគំរាម  ដោយដាក់កាំភ្លើងលើតុហើយគំរាមថា បើមិនយកកិច្ចព្រមព្រៀងនេះទៅដាក់ឲ្យតុលាការទេប្រយ័ត្នកូនកំព្រាអត់ម្ដាយ ។ តែដោយពួកខ្លួនរស់នៅជាមួយគ្នា ពុំមានអេតាស៊ីវិល តុលាការបានលើកចោលការទាមទារសុំឈប់រស់នៅជាអនីតិសង្វាសរបស់ដើមចោទ តែឲ្យអនុវត្តកិច្ចព្រមព្រៀងដែលប្តីបានបង្ខំឲ្យប្រពន្ធធ្វើមុនចូលតុលាការទៅវិញ។ នៅខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានសុំប្រពន្ធ ត្រូវរ៉ូវគ្នាវិញ និងបានចុះអេតាស៊ីវិលជាមួយគ្នាដើម្បីបញ្ជាក់ពីចិត្តស្មោះ។ លុះនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យបានបង្ខំឲ្យប្រពន្ធរកលុយមកឲ្យខ្លួន១៨ម៉ឺនដុល្លារតាមកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើជាមួយគ្នាមុនពេលចុះអេតាស៊ីវិល តែប្រពន្ធមិនព្រមឱ្យលុយនោះ ក៏បង្កជាជម្លោះឈានទៅដល់ការប្រើហិង្សា ហើយជនសង្ស័យបានដេញប្រពន្ធចេញពីផ្ទះ ប្រពន្ធក៏បានមកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ 

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចទទួលបានការសុំអន្តរាគមន៍ពីដើមបណ្តឹងបន្ថែមថា កូនរបស់គាត់០២នាក់ ត្រូវបានជនសង្ស័យបង្ខាំងទុកក្នុងផ្ទះ សូមឲ្យសមត្ថកិច្ចជួយរំដោះកូនគាត់ផង។ មន្ត្រីជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចុះអនុវត្តជាក់ស្តែងនៅចំណុចផ្ទះលេខ៤៩ ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រកឃើញថា ជនសង្ស័យពិតជាចាក់សោបង្ខាំងមនុស្ស០២នាក់ខុសច្បាប់ ដែលត្រូវជាកូនចុងរបស់ជនសង្ស័យ (ក្នុងនោះមានអនីតិជនម្នាក់) ពិតមែន ហើយជនសង្ស័យបានគេចខ្លួន ពេលបានឃើញកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចព្រមទាំងអាជ្ញាធរភូមិ បានធ្វើអន្តរាគមន៍កាត់សោផ្ទះ រំដោះកូនទាំងពីរនាក់នោះមកវិញ។

ក្រោយពេលមន្ត្រីជំនាញ តាមរកជនសង្ស័យឃើញនាព្រលប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ក៏បានហៅជនសង្ស័យមកកាន់ការិយាល័យដើម្បីបំភ្លឺ ស្រាប់តែកូនស្រីចុងរបស់ជនសង្ស័យ បានបង្ហើបថានាងក៏ជាជនរងគ្រោះធ្លាប់ត្រូវបានជនសង្ស័យដែលជាឪពុកចុង ចាប់រំលោភផងដែរ តែនាងមិនហ៊ានប្រាប់អ្នកណាទេ ព្រោះជនសង្ស័យបានគំរាមថា នឹងសម្លាប់ចោល។ ម្យ៉ាងជនសង្ស័យធ្លាប់មានប្រវត្តិជាប់គុក០៦ឆ្នាំព្រោះសម្លាប់មនុស្សពីមុនមក និងតែងតែបង្កអំពើហិង្សាក្នុងគ្រួសារជារឿយៗ ព្រមទាំងមានកាំភ្លើងខ្លីមួយដើមទៀត ហើយសមត្ថកិច្ច ក៏បានដកហូតកាំភ្លើងហ្គាសបាញ់គ្រាប់កង់០១ដើមពីផ្ទះជនសង្ស័យផងដែរ។  រឹតតែភ្ញាក់ផ្អើលទៅទៀតនោះ ជនសង្ស័យ ឡេង ប៊ុនស្រ៊ី នេះ ក៏ធ្លាប់មានរឿងអាស្រូវជាច្រើននៅតាមខេត្តទៀតផង៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖