នៅថ្ងៃទី១១ខែកញ្ញា ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានអញ្ជើញទៅកាន់ទីតាំង៤កន្លែងដែលក្រុមភេរវកម្មអាល់កៃដាវាយប្រហារកាលពី២០ឆ្នាំមុន។
នៅទីក្រុងញូវយ៉ក ដែលជាទីកន្លែងយន្តហោះដឹកអ្នកដំណើរត្រូវបានក្រុមភេរវកម្មប្លន់ហើយបើកការវាយប្រហារទៅលើអគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក WTO នៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ ។ ប្រធានាធិបតីបៃឌិន ព្រមទាំងអតីតប្រធានាធិបតី អូបាម៉ា ប៊ិល គ្លីនតុន បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះស្លាប់ដោយការវាយប្រហារភេរវកម្មកាលពី២០ឆ្នាំមុន។
ពិធីគោរពវិញ្ញាណក្ខន្ធបានធ្វើឡើងនៅព្រឹកម៉ោង ៨ និង ៤៦នាទី ថ្ងៃទី ១១ខែកញ្ញា(ពេលវេលាអាមេរិក) ត្រូវនឹងថ្ងៃទី១២ ពេលវេលានៅកម្ពុជា។ ក្នុងពេលនោះយន្តហោះទីមួយបានបើកបុកអគារដំបូងគេបង្អស់។
លោក Rudy Giuliani អភិបាលក្រុងញូវយ៉ក ក្នុងពេលដែលរងការវាយប្រហារភេរវកម្ម ក៏បានចូលរួមនៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធផងដែរ។ ប៉ុន្តែអតីតប្រធានាធិបតីដូណាល់ ត្រាំ មិនមានវត្តមាន នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធនោះឡើយ ។
ក្រោយពិធីនៅទីក្រុងញូវយ៉ក ប្រធានាធិបតីបៃឌិននិងភរិយា បានបន្តដំណើរទៅកាន់តំបន់ Shanksville រដ្ឋ Pennsylvania ជាទីតាំងដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវក្រុមភេរវកម្មប្លន់បានធ្លាក់នៅវាលស្មៅ បណ្តាលឲ្យមនុស្ស៩៣នាក់ស្លាប់។ នៅទីនោះលោកបៃឌិនបានដាក់កម្រងផ្កានិងគោរពវិញ្ញាណក្ខន្ធ។ លោកបៃឌិនបានចាត់ទុកអាកាសយានិកនិងអ្នកដំណើរថាជាវីរបុរស ដែលសុខចិត្តហោះបុកវាលស្មៅមិនមានមនុស្សជាជាងហោះតាមបញ្ជារបស់ក្រុមភេរវកម្មទៅបុកអគារ ឬទីតាំងប្រជុំជន។
ការវាយប្រហារនៅថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១ បានសម្លាប់មនុស្សជិត ៣ពាន់នាក់ ក្រោយក្រុមភេរវកម្មអាល់កៃដា បានប្លន់យន្តហោះដឹកអ្នកដំណើរដល់ទៅ៤គ្រឿង ក្នុងនោះមានពីរគ្រឿងបុកទៅលើអគារភ្លោះ មួយគ្រឿងបុកទៅលើមន្ទីរបញ្ចកោណ និងមួយគ្រឿងទៀតធ្លាក់នៅវាលស្មៅ រដ្ឋ Pennsylvania។
ចំណុចដែលចាប់អារម្មណ៍បំផុតនោះ ពិធីគោរពវិញ្ញាណក្ខន្ធឆ្នាំនេះកើតឡើងក្រោយពេលដែលអាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថាន បញ្ចប់សង្គ្រាមប្រវត្តិសាស្ត្រមានរយៈពេលវែងបំផុត៕(ដោយ៖ ធីរីណា)
រូបថត៖ AP