ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​ពាក់ព័ន្ធករណីលួចកាត់ខ្សែកាប្លិ៍អុបទិក

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង  សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានឃាត់ខ្លួនជនសង្ស័យ២នាក់ករណីលួចកាត់ខ្សែកាប្លិ៍អុបទិក នៅវេលាម៉ោង៣:៣០នាទីទៀបភ្លឺថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចមុខផ្ទះលេខ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។ 

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន ៖

១- ឈ្មោះ ថា រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ  ស្នាក់នៅក្នុងវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ  មុខរបរ រើសអេតចាយ 

២-ឈ្មោះ អ៊ុង ហឿន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាកដ ។ 

មុនពេលកើតហេតុ ជនសង្ស័យរួមនឹងបក្ខពួកមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿងម៉ាក scoopy ពណ៌ក្រហម មិនចាំស្លាកលេខ និងម៉ូតូ១គ្រឿងទៀតម៉ាក wave ពណ៌ខ្មៅ មិនចាំស្លាកលេខ សណ្តោងរុឺម៉ក នៅម្ដុំដីក្រហម ក្នុងខណ្ឌទួលគោក ដោយមានគោលបំណងជិះរុឺម៉កម៉ូតូដើររកលួចកាត់ខ្សែភ្លើង។ ពេលពួកក្រុមជនសង្ស័យជិះរុឺម៉កម៉ូតូមកដល់នៅចំណុចមុខផ្ទះលេខ ៤៣៤ ផ្លូវព្រះសីហនុ ភូមិ៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង (កន្លែងកើតហេតុ) បានធ្វើសកម្មភាពឡើងកាត់ខ្សែភ្លើង ហើយគាប់ជួបពេលនោះសមត្ថកិច្ចកំពុងល្បាតប្រទះឃើញក៏នាំគ្នាដេញចាប់ ធ្វើឱ្យក្រុមជនសង្ស័យភ័យក៏នាំគ្នាជិះម៉ូតូគេចខ្លួន រហូតដល់ម្ដុំវត្ដកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លនបានចំនួន២នាក់។ ចំណែកបក្ខពួកចំនួន៣នាក់ទៀត ជិះម៉ូតូគេចខ្លួនបាត់។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងខ្សែកាប្លិ៍អុបទិក ប្រវែងប្រហែល២០ម៉ែត្រចំនួន២កំណាត់ , កន្ត្រៃកាត់ដែកចំនួន១,កាំបិត១, ដង្កាប់១, ទួណឺវីស១ ។ 

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ រួមនឹងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖