ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរប្រុសស្រី១៥នាក់ត្រូវយោធាថៃឃាត់ខ្លួនខណ:លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងយោធាថៃបានឃាត់ខ្លួនពលករខ្មែរប្រុស ស្រីចំនួន១៥នាក់ដែលមានបំណងលួចឆ្លងដែនទៅថៃក្នុងដំណាក់កាលដែលសមត្ថកិច្ចនិងជំនាញកំពុងទប់ស្កាត់ការរីករាលដាលcovid-19កាលពីវេលាម៉ោង០៥និង៤៥នាទីថ្ងៃទី១១កញ្ញា២០២១ ។

 សេចក្ដីរាយការណ៍ពីអ្នកសារព័ត៌មានថៃថា កម្លាំងទាហានឈរជើងក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងនគរបាលល្បាតព្រំដែនទី១២ និងទាហានកងកម្លាំងទាបូរផា បានស្កាត់ចាប់បានពលករខ្មែរចំនួន១៥នាក់ ក្នុងនោះប្រុស៦នឹងស្រី៩នាក់ នៅបរិវេណចម្ការដំឡូង ភូមិខៅ លូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។

សេចក្ដីរាយការណ៍បញ្ជាក់ថា ខណៈដែលសមត្ថកិច្ចដាក់ប៉ុស្តិ៍ស្កាត់ រហូតបានប្រទះឃើញរថយន្តប៊ិកអាប់ វីហ្គោ 

ពណ៌ស មួយគ្រឿង កំពុងដឹកពលករខ្មែរជាច្រើននាក់។ នៅពេលនោះសមត្ថកិច្ចសុំត្រួតពិនិត្យ បែរជាក្រុមជួញដូរមនុស្សមិនសហការ និងព្យាយាមបើករថយន្តរត់គេច ហើយបានបើកគៀរម៉ូតូរបស់សមត្ថកិច្ចដែលបើកដេញតាម បណ្ដាលឲ្យម៉ូតូខូចខាតធ្ងន់ធ្ងរ តែមិនមានអ្នករងរបួសទេ។ បន្ទាប់មកអ្នកបើករថយន្តមានឱកាសបើករត់គេច តែនៅគេចមិនរួចពីសមត្ថកិច្ចដដែល ហើយបានឃាត់ខ្លួនបាននាំពលករខ្មែរទាំងនោះទៅសួរចម្លើយ ដើម្បីចង់ដឹងពីបណ្ដាញដែលនាំពលករមកក្នុងប្រទេសថៃ នឹងធ្វើកំណត់ហេតុចាប់ខ្លួន។ ជាមួយនេះសមត្ថកិច្ចថៃរកឃើញថា ពលករខ្មែរទាំងអស់ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងអស់គ្នារួចហើយ ទើបព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសថៃ នឹងមានចំនួនកាន់តែច្រើនឡើងៗ ក្នុងអំឡុងស្ថានការណ៍រាតត្បាតរបស់ជម្ងឺកូវីដ-១៩ ចាប់ផ្ដើមធូរស្រាលជាបន្តបន្ទាប់នោះ៕

ដោយ ៖ វណ្ណា


ចែករំលែក៖