ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១លោក ស សុខាអនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងភរិយា ព្រមទាំងលោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង តំណាងលោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក.) ចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ដែលបានស្ម័គ្រចិត្តចូលរួមជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង តាមប្រព័ន្ធវីដេអូ Zoom ។
ក្នុងនាមលោកប្រធាន ហ៊ុន ម៉ានី និងលោកសសុខាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង នាពេលកន្លងមក ។
ក្នុងនោះស្នើសុំថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់រូបភាព ដើម្បីឲ្យខេត្តព្រៃវែង ក៏ដូចជាប្រទេសកម្ពុជាទាំងមូលឆាប់បានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ ។
ក្នុងនោះផងដែរ លោកសសុខាបានបន្តអំពាវនាវអោយចូលរួមផ្សព្វផ្សាយនូវសារអប់រំនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ ៣កុំ ដើម្បីការពារ ទប់ស្កាត់ និងបង្ការពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក៏ដូចជាវីរុសបំប្លែងថ្មីផ្សេងៗទៀត បើទោះបីបានចាក់វ៉ាក់សាំងហើយក៏ដោយ ។
សូមរួមគ្នាអនុវត្តវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមជាតិយើង ពីជំងឺកូវីដ-១៩ ៕
ដោយ៖ សូរិយា