ភ្នំពេញ៖ មានការឆ្លងចរន្តអគ្គិសនីនៅកន្លែងយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធៅសន្ធៅ រហូតដល់កម្លាំងសមត្ថកិច្ច នៃការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីទៅជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ត្រង់ចំណុចយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានផ្សែង រួមជាមួយអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងយានដ្ឋានជួសជុលគ្រឿងចក្រមួយកន្លែងគ្មានមនុស្សនៅនោះទេ រហូតដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានរាយការណ៍ទៅកម្លាំងនគរបាល នៃការិយាល័យបង្ការ និង ពន្លត់អគ្គិភ័យ ដើម្បីយករថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យជាច្រើនគ្រឿង និង រថយន្តជំជួយផ្សេងៗទៀត បានចេញមកធ្វើអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។
ក្នុងទំហំនៃប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៨គ្រឿងមកដល់កន្លែងកើតហេតុ និងធ្វើការបាញ់ពន្លត់ភ្លាមៗ រហូតអគ្គិភ័យរលត់ទៅវិញជាស្ថាពរ។
ចំពោះការខូចខាតវិញ មានដូចជាគ្រឿងម៉ាសុីនចំនួន១តួកុងតឺន័រ ,គ្រឿងចក្រចំនួន២ និង រោងសម្រាប់ដាក់សម្ភារគ្រឿងម៉ាសុីនត្រូវឆេះអស់ទាំងស្រុង។ សូមបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រើពេលជិត១ម៉ោង ក្នុងប្រតិបត្តិការបាញ់ពន្លត់ ទើបអគ្គិភ័យរលត់ទៅវិញ៕
ដោយ៖និន សុភ័ស្ត + រ៉ារ៉ា