ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីអាហ្វហ្គានីស្ថាន១២រូបប្រថុយគ្រោះថ្នាក់វិលត្រឡប់ទៅធ្វើការវិញ នៅអាកាសយានដ្ឋាន

ចែករំលែក៖

ក្រោយក្រុមតាលីបង់ឡើងកាន់អំណាច ស្ត្រីដែលធ្លាប់ធ្វើការនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai មិនហ៊ានវិលត្រឡប់មកធ្វើការនោះឡើយដោយខ្លាចក្រុមតាលីបង់ ។ ប៉ុន្តែមានស្ត្រីមួយចំនួនមិនខ្វល់ពីគ្រោះថ្នាក់បានវិលត្រឡប់ទៅធ្វើការដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។
សារព័ត៌មាន AFP នៅថ្ងៃទី ១២ខែកញ្ញា បានផ្សាយថា រយៈពេលមិនដល់មួយខែផងដែលក្រុមតាលីបង់ដឹកនាំអាហ្វហ្គានីស្ថាន នាង Rabia Jamal អាយុ៣៥ឆ្នាំ បានសម្រេចចិត្តវិលត្រឡប់មកធ្វើការវិញនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ បើទោះបីក្រុមតាលីបង់បានប្រកាសថាឲ្យស្ត្រីនៅផ្ទះមើលថែកូន មានតួនាទីសម្រាប់តែបង្កើតកូនក្តី ។ នាង Rabia Jamal ដែលមានកូន៣នាក់បានលើកឡើងថា «ខ្ញុំត្រូវការប្រាក់ដើម្បីចិញ្ចឹមកូន ខ្ញុំមិនអាចនៅផ្ទះបានឡើយ»។ ក្នុងចំណោមស្ត្រី៨០នាក់ដែលធ្លាប់ធ្វើការនៅក្នុងអាកាសយានដ្ឋានទីក្រុងកាប៊ុល មុនក្រុមតាលីបង់គ្រប់គ្រង ពេលនេះមានតែ១២នាក់ប៉ុណ្ណោះបានវិលត្រឡប់មកធ្វើការវិញ។
ពាក់ព័ន្ធនឹងការផ្លាស់ប្តូរគោលនយោបាយរបស់ក្រុមតាលីបង់ទៅលើស្ត្រី រដ្ឋមន្រ្តីការបរទេសនៃប្រទេសបារាំង លោក Jean-Yves Le Drian បានលើកឡើងថា ក្រុមតាលីបង់កំពុងនិយាយភូតកុហកអន្តរជាតិ ហើយបារាំងនឹងមិនមានទំនាក់ទំនងអ្វីទាំងអស់ជាមួយរដ្ឋាភិបាលដែលពួកគេទើបប្រកាសបង្កើតថ្មី សម្រាប់ប្រទេសអាហ្វហ្កានីស្ថាន។
ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយទូរទស្សន៍បារាំង កាលពីយប់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ លោក Le Drian បាននិយាយយ៉ាងដូច្នេះថា «ពួកគេ (តាលីបង់) បាននិយាយថា ពួកគេនឹងអនុញ្ញាតឲ្យជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន ចាកចេញដោយសេរី ហើយថែមទាំងបានអះអាងពីការបង្កើតរដ្ឋាភិបាលដែលមានបរិយាបន្ននិងតំណាងឲ្យគ្រប់គ្នា ប៉ុន្តែតាមពិតពួកគេកំពុងតែកុហក»។
លោករដ្ឋមន្រ្តីការបរទេសបារាំង បានបន្តថា «ប្រទេសបារាំងនិឹងពុំទទួលស្គាល់ ឬមានទំនាក់ទំនងក្នុងទម្រង់ណាមួយជាមួយរដ្ឋាភិបាលរបស់ក្រុមតាលីបង់ឡើយ។ យើងចង់បានសកម្មភាពជាក់ស្តែងពីតាលីបង់ ហើយពួកគេក៏នឹងត្រូវការបន្ធូរបន្ថយបន្ទុកផ្នែកសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយអន្តរជាតិផងដែរ ប៉ុន្តែអ្វីៗអាស្រ័យលើទង្វើរបស់ពួកគេប៉ុណ្ណោះ»៕(ដោយ៖ធីរីណា)

រូបថត៖ AP+Public Radio International


ចែករំលែក៖