ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទរថយន្តពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័ម។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចនឹងភូមិសំរោង ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះ ភេទប្រុស នៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកDAEWOO NOVUS ក្បាលពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ3E-9071បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ផលិតនៅឆ្នាំ២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1J-8158 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅស្របគ្នាក្នុងល្បឿនលឿនជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុកពេញគូទរថយន្តពេញទំហឹងបណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលទៅនឹងថ្នល់បែកហូរឈាមស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ដើម្បីត្រួតពិនិត្យមើលរួចរាល់ ទើបទាក់ទងទៅផ្នែកជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញឱ្យចុះមកធ្វើការវាស់វែងនិងយករថយន្តរួមទាំងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។
ចំពោះសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុនិងកុសល្យវិច័យរួចរាល់ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារឱ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និនសុភ័ស្ត