ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋបារាំងជាង៥០% មានអង់ទីគ័រប្រឆាំងវីរុសកូវីដ-១៩

ចែករំលែក៖

ពលរដ្ឋបារាំងជិត៧០%ដែលបានចាក់វ៉ាក់សាំងរួចរាល់ពីរដូស ក្នុងនោះមានជាង ៥០%គឺមានអង់ទីគ័រប្រឆាំងនឹងវីរុសកូវីដ-១៩ ។ ជាមួយគ្នានេះដែរ បារាំងក៏បានលុបចោលបន្តិចម្តងៗលើវិធានការត្រួតពិនិត្យទៅលើបណ្ណសុខាភិបាល នៅក្នុងតំបន់ដែលមានករណីឆ្លងថយចុះ។
តាមក្រសួងសុខាភិបាលបារាំង បញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមក បារាំងមានករណីឆ្លងកូវីដ-១៩ ជាង៧៦០០នាក់ ។ ក្នុងរយៈពេល ៧ថ្ងៃកន្លងមក មានករណីឆ្លងកូវីដ-១៩ ក្រោម១ម៉ឺននាក់ក្នុងមួយថ្ងៃ នេះជាចំនួនទាបបំផុតចាប់តាំងពីរលកកូវីដ -១៩ លើកទី៤វាយប្រហារបារាំងនៅក្នុងខែកក្កដាឆ្នាំ២០២១។
នៅពេលនេះមានពលរដ្ឋបារាំងជិត ៥០%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ គិតត្រឹមថ្ងៃទី១២ខែកញ្ញា មានពលរដ្ឋដល់ទៅ ៤៩,៦លាននាក់ស្មើនឹង៧៣,៦%បានចាក់វ៉ាក់សាំងរួចរាល់ដូសទីមួយ។ ចំណែកពលរដ្ឋចាក់ដូសទីពីរក៏មានជាង៤៦,៦លាននាក់ ស្មើនឹង ៧០%នៃពលរដ្ឋសរុប គឺឈានដល់កម្រិតនៃការចង់បានរបស់ក្រុមអ្នកជំនាញសុខាភិបាល ដើម្បីបើកទ្វារដំណើរការសុខាភិបាលឡើងវិញ។
តាមលទ្ធផលស្រាវជ្រាវ គិតចាប់តាំងពីខែមិថុនាមក មានពលរដ្ឋបារាំង ៥២,៤% ក្រោយការចាក់វ៉ាក់សាំងរួចរាល់ គឺមានអង់ទីគ័រការពារគ្រប់គ្រាន់។ កាលពី៤ខែដើមឆ្នាំ ២០២១ ចំនួនពលរដ្ឋមានអង់ទីគ័រការពារមានតែ១៣,៧%។
តាមគម្រោង ចាប់តាំងពីថ្ងៃទី ១៥ខែកញ្ញាទៅ បារាំងនឹងបង្ខំឲ្យបុគ្គលិកផ្នែកសុខាភិបាល គិលានុបដ្ឋាក គិលានុបដ្ឋាយិកា ទាំងអស់ បុគ្គលិកពេទ្យ ត្រូវតែចាក់វ៉ាក់សាំងទើបអនុញ្ញាតឲ្យទៅបម្រើការងារ។ ក្នុងពេលជាមួយគ្នានោះដែរ សហជីពកម្មករបារាំងក៏បានលើកឡើងថា ការត្រួតពិនិត្យបណ្ណសុខភាពប៉ះពាល់យ៉ាងខ្លាំងដល់កម្មករ មិនអាចទៅធ្វើការបាន៕ (ដោយ៖ធីរីណា)

រូបភាព៖ Le Parisien


ចែករំលែក៖