ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ចូលរួមក្នុងជំនួបសន្ទនា និងអាហារការងារពេលព្រឹក ជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន។
នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញាម្សិលមិញនេះ នៅសណ្ឋាគារ Raffles Hotel Le Royal បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិន ដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន ១៦៥.៦១២តោន, ចេកបានចំនួន ២៧២.០២៣តោន និងស្វាយបានចំនួន ២១១តោន នាពេល ៨ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលដែលពិភពលោកកំពុងជួបប្រទះវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ ជាដើម។ល។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកអំពីការអនុវត្តគម្រោងនានាដែលបានរៀបចំដោយគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន ដែលក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ71C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។ ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការរៀបចំការតាំងពិព័រណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប លោក វ៉ាង យី បានជម្រាបជូនលោកឧបនាយករដ្ឋមន្ត្រី អំពីការជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C, បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០គីឡូម៉ែត្រ, យកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង៕
ដោយ៖សហការី