ក្រុមបិសាចក្រហម Manchester United បានទទួលបរាជ័យដោយចាញ់ក្រុមម្ចាស់ផ្ទះ Young Boys បើទោះបីជា Cristiano Ronaldo រកបានគ្រាប់បាល់ជួយក្រុមបិសាចក្រហមនាំមុខនៅតង់ទី១ក៏ដោយ។
Ronaldo ដែលបានក្លាយជាកីឡាករដែលបង្ហាញខ្លួននៅ Champions League គ្រប់ពេលវេលាលើកទី១៧៧ របស់គាត់នៅក្នុងការប្រកួតនេះដោយបានរកគ្រាប់បាល់ឲ្យក្លិប Man United ចេញបន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពីមិត្តរួមក្រុមជនជាតិព័រទុយហ្គាល់ Bruno Fernandes នៅនាទីទី១៣។
Man United បានលេងជិតមួយម៉ោងជាមួយសមាជិកតែ១០នាក់ បន្ទាប់ពីការប្រកួតប្រជែងដ៏គ្រោះថ្នាក់របស់ខ្សែការពារស្លាប Aaron Wan-Bissaka ទៅលើកីឡាករ Christopher Martins របស់ក្រុម Young Boys ធ្វើឱ្យខ្សែការពាររូបនេះទទួលបានកាតក្រហម។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកយ៉ាងខ្លាំងរហូតដល់ខ្សែប្រយុទ្ធស្លាបរបស់កាមេរូន Moumi Ngamaleu រកបាន១គ្រាប់ឲ្យក្រុម Young Boys សងវិញនៅនាទីទី៦៦។ រីឯកំហុសនៅនាទីទី៩៥ដោយកីឡាករបម្រុង Jesse Lingard ដែលបានជំនួស Ronaldo ដោយជិតចប់ការប្រកួតទៅហើយ កីឡាករ Jordan Siebatcheu រកគ្រាប់បាល់ជ័យជម្នះទៅលើក្រុមបិសាចក្រហមនៅងចុងម៉ោង។
អ្នកគាំទ្រក្នុងទឹកដីក្រុម Young Boys បានអបអរសាទរយ៉ាងខ្លាំង ខណៈដែលលោក Ole Gunnar Solskjaer បានខកចិត្តដែលបានឃើញក្រុមបិសាចក្រហមបរាជ័យក្នុងថ្ងៃបើកឆាកប្រកួតជម្រុះតាមពូលជាលើកដំបូងនៅ Champions League។ ក្រុមបិសាចក្រហមធ្លាប់ខកខានការប្រកួតវគ្គជម្រុះនៃការប្រកួតកាលពីរដូវកាលមុន ហើយនឹងត្រូវប៉ះជាមួយក្រុមVillarreal ម្តងទៀតក្នុងការប្រកួតវគ្គបន្ទាប់នៃពូល F របស់ពួកគេនៅថ្ងៃទី៣០ ខែកញ្ញា ។
ដោយបានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួនលើកទី២របស់គេសម្រាប់ក្រុម Man United ទល់នឹង Newcastle កាលពីថ្ងៃសៅរ៍សប្តាហ៍មុន Ronaldo រកបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន២លើកចាប់តាំងពីការវិលត្រឡប់មកលេងពីក្លិប Juventus។ សំខាន់ជាងនេះទៅទៀតអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Champions League ឥឡូវនេះមាន១៣៥គ្រាប់ក្នុងការប្រកួត។
ក្រុមបិសាចក្រហម Man Utd នឹងត្រូវធ្វើការប្រកួតបន្តទៀតក្នុងក្របខ័ណ្ឌ Premier League ជាមួយក្រុមម្ចាស់ផ្ទះ West Ham នៅថ្ងៃទី១៩ ខែកញ្ញា និងប៉ះក្រុម West Ham ម្តងទៀតក្នុងការប្រកួតជម្រុះពានរង្វាន់ League Cup នៅថ្ងៃទី២៣ កញ្ញាខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)