តុលាការយោធាមីយ៉ាន់ម៉ា ទើបតែបានបើកសវនាការកាត់ទោសលោកស្រី អោងសាន ស៊ូជី ក្រោយពីការពន្យារពេលពីរលើកនាពេលកន្លងមក ដោយសារតែការឆ្លងរាលដាលកូវីដ-១៩ កើនឡើងខ្ពស់។
កាលពីចុងខែកក្កដាកន្លងមក កម្លាំងទាហានមីយ៉ាន់ម៉ា បានសម្រេចផ្អាកសេវាកម្មហិរញ្ញវត្ថុឯកជន ក៏ដូចជាសកម្មភាពរបស់បណ្តាក្រុមហ៊ុន ដោយសារតែកូវីដ-១៩ឆ្លងរាលដាលយ៉ាងស្មុគស្មាញ ។ ជាមួយគ្នានោះហាងលក់ទំនិញនានាក៏ត្រូវបិទទ្វារផងដែរ ហើយពេលនោះសកម្មភាពរបស់តុលាការក៏ត្រូវផ្អាកផងដែរ ។
នៅពេលនេះ កម្លាំងទាហានមីយ៉ាន់ម៉ា នៅក្នុងសប្តាហ៍នេះបានលុបច្បាប់បម្រាមទាំងឡាយ ក្រោយមានករណីឆ្លងកូវីដ-១៩ថយចុះ។ ចំណែកសវនាការក៏ត្រូវបានបើកឡើងវិញដើម្បីកាត់ទោសលោកស្រីអោងសាន ស៊ូជី។
បច្ចុប្បន្នលោកស្រី ស៊ូជី ត្រូវប្រឈមនឹងការចោទប្រកាន់ទោសចំនួន១០ករណីផ្សេងគ្នា ក្នុងនោះ មានសកម្មភាពទប់ស្កាត់ការឆ្លងកូវីដ-១៩ ក្នុងពេលបោះឆ្នោតកាលពីឆ្នាំ ២០២០…ហើយទោសធ្ងន់បំផុតគឺ បំពានច្បាប់អាថ៌កំបាំងជាតិ។
លោកស្រីស៊ូជី និងថ្នាក់ដឹកនាំស៊ីវិលជាច្រើនរូបផ្សេងទៀតរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១ ខែកុម្ភៈ។ មេធាវីរបស់លោកស្រីស៊ូជីបានលើកឡើងថា ពួកគាត់មិនអាចជួបលោកស្រីស៊ូជីអស់រយៈពេលជាច្រើនខែកន្លងមកហើយ។ តាមគម្រោង ការឃុំខ្លួនលោកស្រីស៊ូជីនឹងបន្តអូសបន្លាយទៅមុខទៀត៕
ដោយ៖ធីរីណា(រូបភាព៖ Reuters )