ព័ត៌មានទាន់ហេតុការណ៍៖

Bayern Munich និង Juventus ទទួលបានជោគជ័យនៅក្រៅទឹកដីទាំងអស់គ្នាក្នុងការប្រកួតវគ្គជម្រុះតាមពូល Champions League

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus ទទួលបានជ័យជម្នះទៅលើក្រុមម្ចាស់ផ្ទះMalmo ក្នុងលទ្ធផល៣ទល់០ ក្នុងការប្រកួតវគ្គជម្រុះតាមពូលក្នុងពូល H កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែកញ្ញា។ ចំណែកក្រុមភ្ញៀវ Bayern Munich នៅតែបង្ហាញភាពខ្លាំង ដោយបំបាក់ក្រុមយក្សមកពីអេស្ប៉ាញ Barcelona ក្នុងលទ្ធផល៣ទល់០ដែរ ដែលលទ្ធផលនេះគឺក្រោយពីខ្សែប្រយុទ្ធឆ្នើម Messi បានចាកចេញពីក្រុម Barcelona ថ្មីៗ។

គ្រាប់បាល់ទី១ របស់ក្រុមសេះបង្កត់ Juventus រកបានដោយកីឡាករ Alex Sandr នៅនាទីទី២៣ ខណៈគ្រាប់បាល់ទី២រកបានដោយកីឡាករ Paulo Dybala ដោយបាល់ពិន័យប៉េណាល់ទី ដោយសារការបង្កកំហុសនៅតំបន់គ្រោះថ្នាក់ដោយកីឡាករ Lasse Nielsen របស់ក្រុម Malmoនៅនាទីទី៤៥។ ចំណែកគ្រាប់បាល់ទី៣រកបានដោយខ្សែប្រយុទ្ធកីឡាករ Alvaro Morata នៅនាទីទី៤៥+១ ធ្វើឲ្យក្រុម Juventus បានចាប់ផ្តើមយុទ្ធនាការ Champions League ទទួលបាន៣ពិន្ទុក្នុងវគ្គជម្រុះតាមពូល។

នេះគឺជាជ័យជម្នះជាលើកដំបូងក្នុងក្របខ័ណ្ឌ Champions League ចាប់តាំងពីខ្សែប្រយុទ្ធ Cristiano Ronaldo ផ្លាស់ទៅកាន់ទឹកដីអង់គ្លេសចូលរួមជាមួយក្លិបបិសាចក្រហម។

ក្រុម Juventus ដែលមិនបានគ្រងតំណែងជើងឯកទ្វីបអឺរ៉ុបចាប់តាំងពីឆ្នាំ១៩៩៦ ត្រូវប្រឈមមុខនឹងក្រុមការពារតំណែងជើងឯកតោខៀវ Chelsea នៅទីក្រុង Turin នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះ។

ចំណែកក្រុមម្ចាស់ផ្ទះ Barcelona បានបរាជ័យយ៉ាងអាម៉ាស ដោយចាញ់ក្រុមយក្សមកពីអាល្លឺម៉ង់ Bayern Munich ៣ទល់០ ក្នុងការប្រកួតក្នុងក្របខ័ណ្ឌ Champions League ពូល E ។

ម្ចាស់ជើងឯកអាឡឺម៉ង់បានគ្រប់គ្រងការប្រកួតនេះ ដោយគ្រាប់បាល់នាំមុខដំបូងរកបានដោយខ្សែប្រយុទ្ធ Muller បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៧ក្នុងអាជីពរបស់ខ្លួនទល់នឹង Barcelona នៅតង់ទី១ នាទីទី៣៤។

ចំណែកខ្សែប្រយុទ្ធLewandowski រកបាន២គ្រាប់ម្នាក់ឯងដោយស៊ុតបញ្ចូលទីគ្រាប់បាល់ទី៧៤របស់គាត់ក្នុងក្របខ័ណ្ឌ Champions League នៅនាទីទី៥៦ និងគ្រាប់ទី៧៥របស់គាត់នៅនាទីទី៨៥។

Barcelona ដែលលេងក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់ពួកគេចាប់តាំងពីការចាកចេញរបស់កីឡាករ Lionel Messi បានបរាជ័យជាលើកដំបូងដែរ។ ឥឡូវនេះក្រុម Barcelona បានចាញ់ការប្រកួតក្នុងផ្ទះខ្លួនឯង៣លើកជាប់គ្នានៅក្នុងការប្រកួតនៅទ្វីបអឺរ៉ុបជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ក្រុម Barcelona នឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំងមកពីព័រទុយហ្គាល់ Benfica ក្នុងការប្រកួតជម្រុះតាមពូល Champions League បន្តទៀតនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ៕

ដោយ៖ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖