ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមបំភ្លឺឆ្លេីយតបជូនប្រជាពលរដ្ឋ សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារហ្វេសបុកផ្លូវការលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកណ្តាល មានខ្លឹមសារថាៈ (ជម្រាបសួរបង សូមបងមេត្តាជួយផ្សាយព័ត៌មានល្បែង Lotto 8888 កំពុងពង្វក់ប្រជាជនភូមិចុងកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល ដោយអនុគ្រោះ គ្មានសមត្ថកិច្ចណាហ៊ានចាប់ទេ)។
ក្រោយពីទទួលបានព័ត៍មានខាងលេីភ្លាម និងមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកវរសេនីយ៍ឯក ស៊ឹម ឃាង អធិការនគរបាលស្រុកបានបញ្ជាអោយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលឈេីខ្មៅ ចុះពិនិត្យស្រាវជ្រាវករណីនេះជាបន្ទាន់។
នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះកម្លាំងនគរបាលប៉ុស្ដិ៍ឈេីខ្មៅ បានចុះធ្វេីការស្រាវ រហូតដល់ចំណុចផ្ទះដែលបានបេីកអោយលេងល្បែងឆ្នោតឡូតូតាមទូរទស្សន៍ មានឈ្មោះ ច្រិច ណោ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចុងកោះ ឃុំឈេីខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។
ក្រោយការពិនិត្យស្រាវជ្រាវ រកឃេីញថាល្បែងឆ្នោតឡូតូខាងលេី គឺមានអាជ្ញាបណ្ណស្របច្បាប់ តែបានហួសសុពលភាពទៅហេីយ។ ពេលនោះសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បានធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងអោយផ្អាកជាបន្ទាន់នៅសកម្មភាពបេីកអោយលេងល្បែងឆ្នោតឡូតូខាងលេី ចាប់ពីពេលនេះតទៅរហូតដល់មានអាជ្ញាបណ្ណមានសុពលភាពថ្មី។
ជាចុងក្រោយក្រុមការងារក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ សូមធ្វេីការអរគុណយ៉ាងជ្រាលជ្រៅ ដល់ការចូលរួមផ្ដល់ព័ត៌មានរបស់បងប្អូនប្រជាពលរដ្ឋ និងសូមបន្តក្នុងការសហការផ្ដល់ព័ត៌មានផ្សេងៗ ដែលទាក់ទងសន្តិសុខសណ្ដាប់ធ្នាប់ ជាពិេសសរាល់បញ្ហាបទល្មេីសនានាដែលកេីតមានឡេីង នៅក្នុងមូលដ្ឋាន៕
ដោយ៖ សូរិយា