ភ្នំពេញ៖ បើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា៖ថ្ងៃនេះ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយបណ្តារដ្ឋាភិបាល និងប្រជាជននៃប្រទេសបណ្តាប្រជាជាតិចំនួន ១៩៨ នៅលើសកលលោក ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ បានជួយថែរក្សាយើង ម្ហូបអាហារ និងវ៉ាក់សាំងរបស់យើងឱ្យត្រជាក់ » (Montreal Protocol-Keeping us, our food and vaccines cool)។
សូមបញ្ជាក់ថា លេខាធិការដ្ឋានអូហ្សូននៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ កំណត់យកថ្ងៃទី១៦ ខែកញ្ញា ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៥ មក ដើម្បីរំលឹកដល់ថ្ងៃបង្កើតពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអបអរសាទរដល់សមិទ្ធផលនិងវឌ្ឍនភាពជាច្រើន ដែលយើងរួមគ្នាសម្រេចបាន សំដៅឆ្ពោះទៅការពារឱ្យបាននូវស្រទាប់អូហ្សូន។
បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ពិភពលោកកំពុងប្រារព្ធ«ទិវាអូហ្សូនពិភពលោក» ដែលត្រូវជាខួបលើកទី៣៦ នៃការបង្កើត «អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន» ក្នុងឆ្នាំ១៩៨៥ និងត្រូវជាខួបលើកទី៣៤ នៃ ការបង្កើត«ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន« ក្នុងឆ្នាំ១៩៨៧។ ថ្ងៃទី១៦ ខែកញ្ញា៕
ដោយ៖សហការី