ព័ត៌មានទាន់ហេតុការណ៍៖

ចំណតរថយន្តតាក់ស៊ីផ្លូវលេខ១២០កែងនឹងផ្លូវលេខ១១៨ក្នុងសង្កាត់ផ្សារថ្មីទី១ នៅតែបង្កភាពភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ

ចែករំលែក៖

  ភ្នំពេញ ៖ ជាទូទៅនៅតាមតំបន់ផ្សារនានាក្នុងរាជធានីភ្នំពេញ ដូចជាផ្សារដើមគ ផ្សារអូរឫស្សី ផ្សារធំថ្មី គឺសុទ្ធសឹងតែមានចំណតសម្រាប់រថយន្តឈ្នួលដែលអាចឈប់ទៅតាមចំណតរបស់ខ្លួន គ្រាន់តែបង់ថ្លៃសេវាចំណតជូនម្ចាស់ចំណត ឬប្រធានផ្សារតែប៉ុណ្ណោះ។ ជាក់ស្ដែងរថយន្តតាក់ស៊ីជាច្រើនគ្រឿងដែលដឹកភ្ញៀវដោយមិនចូលចំណត បានឈប់រថយន្តតាមដងផ្លូវដើម្បីចាប់ម៉ូយយ៉ាងប្រសេចប្រសាចបង្កភាពអនាធិបតេយ្យពេញផ្លូវ និងបាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ។  

 តាមជាក់ស្តែងប្រជាពលរដ្ឋបានឃើញថារថយន្តឈ្នួលជាច្រើនមិនបានចូលចំណតនោះទេ គឺបានឈប់នៅតាមផ្លូវលេខ១២០កែងនឹងផ្លូវលេខ១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានដេញចាប់ម៉ូយយ៉ាងប្រសេចប្រសាចមើលទៅដូចជាមិនមានសណ្ដាប់ធ្នាប់សោះ។ ក្នុងនោះផងដែរគេក៏បានឃើញមានអ្នកដើរប្រមូលលុយជាប្រចាំ ប៉ុន្តែមិនដឹងថាអ្នកដើរប្រមូលលុយនោះជានរណាឲ្យពិតប្រាកដ មិនដឹងថាតើជាអាជ្ញាធរមូលដ្ឋាន សង្កាត់ ឬខណ្ឌនោះទេ។   

  បើតាមសម្តីបុរសម្នាក់ជាអ្នករត់តាក់ស៊ីនៅតំបន់នោះសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គាត់មានរថយន្តតាក់សុីមួយគ្រឿងបើកដឹកភ្ញៀវពីភ្នំពេញទៅបាត់ដំបង ដោយគាត់ចតរថយន្តនៅលើផ្លូវត្រូវបង់លុយឲ្យគេក្នុងមួយថ្ងៃ១៥០០០រៀលចំពោះរថយន្តចតនៅលើដងផ្លូវមួយគ្រឿង ទោះបីរថយន្តបានដឹកភ្ញៀវចេញមួយជើង ឬក៏មិនបានដឹកចេញក៏ដោយគឺត្រូវតែបង់ឲ្យម្ចាស់បេនឡានតែម្តង ។  

   ករណីនេះដែរលោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារថ្មី បានឱ្យដឹងតាមទូរស័ព្ទថា ពាក់ព័ន្ធជាមួយបេនឡានសូរិយា និងបេនឡានភ្នំពេញ-បាត់ដំបង គឺមានខាងម្ចាស់បេនគេជាអ្នកគ្រប់គ្រង។ អ្នកស្រីប្រធានផ្សារធំថ្មីបានឱ្យដឹងទៀតថា គាត់គ្រប់គ្រងតែបេនឡាននៅជុំវិញផ្សារធំថ្មីតែប៉ុណ្ណោះ។  

  ពាក់ព័ន្ធនឹងករណីឈប់រថយន្តនៅតាមដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចម្ចាស់ចំណតរថយន្តបានឱ្យដឹងថា “គាត់មិនដឹងទេរឿងនេះឲ្យទៅសួរខាងមន្ទីរសាធារណការនឹងដឹកជញ្ជូនទៅ” ។ រីឯលោកមេប៉ុស្តិ៍ផ្សារថ្មីទី១ ក្រុមការងារគេហទំព័រនគរវត្តយើងបានទំនាក់ទំនងតាមទូរស័ព្ទដែរ តែខលចូលមិនមានអ្នកលើក។  

  ជាមួយគ្នានេះដែរពាក់ព័ន្ធនឹងករណីឈប់រថយន្តនៅតាមដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចនេះ លោកសុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឱ្យដឹងតាមទូរស័ព្ទថា ករណីក្រុមរថយន្តតាក់ស៊ីឈប់ចតនៅលើដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចនេះ លោកបានឃើញដែរ ហើយលោកក៏បានឲ្យក្រុមសណ្តាប់ធ្នាប់ខណ្ឌចុះទៅណែនាំនឹងអប់រំដែរពេលក្រុមចាប់ម៉ូយដេញពាក់ពពូនចាប់ម៉ូយនៅតាមដងផ្លូវរហូតមកដល់ផ្លូវព្រះមុនីវង្សផងដែរ   ហើយលោកអភិបាលនឹងមានវិធានការ ព្រោះដោយសារចំណតរថយន្តនេះយើងដឹងហើយគាត់សុំមិននិយាយទេ តែលោកត្រូវតែចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់នេះមិនឲ្យធ្វើអ្វីផ្តេសផ្តាសបានទេ។ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានយើងនឹងខិតខំធ្វើការងារនេះឲ្យទាល់តែបានល្អប្រសើរគឺដើម្បីសោភណភាពទីក្រុងយើងផងដែរ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖