ព័ត៌មានទាន់ហេតុការណ៍៖

ចោរដាច់យ៉ៃឆក់យកអាវអ្នកលក់តាមផ្លូវបានសម្រេចហើយតែរត់មិនរួចត្រូវសមត្ថកិច្ចក្របួចជាប់៤នាក់

ចែករំលែក៖

     ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមបានធ្វេីសកម្មភាពឆក់យកអាវអ្នកលក់ដាក់តាមរទេះនៅតាមដងផ្លូវបានសម្រេចកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៦​ ខែកញ្ញា​ ឆ្នាំ២០២១​ នៅចំណុចផ្លូវរថភ្លេីង​ កែងមហាវិថីឈ្នះ=ឈ្នះ​ ស្ថិតក្នុងសង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​  ហេីយព្យាយាមជិះម៉ូតូរត់គេចខ្លួនរហូតទៅដល់ផ្លូវបេតុង​ ក្នុងសង្កាត់កំបូល​ខណ្ឌកំបូល​ ត្រូវកម្លាំងសមត្ថកិច្ចដេញឃាត់បានចំនួន៤នាក់​ ក្នុងនោះជនសង្ស័យទី១-ឈ្មោះអាវ​ ខេរា​ ភេទប្រុស អាយុ១៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ​, ទី២-ឈ្មោះកុយចាន់ស៊ិន​ អាយុ១៧ឆ្នាំ, ទី៣-ឈ្មោះ វណ្ណ​ វណ្ណៈ ភេទប្រុស អាយុ១៧ឆ្នាំ​, ទី៤ឈ្មោះរី​ សាមុត​ ភេទប្រុស អាយុ១៧ឆ្នាំ​ ។ 

   តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា​ ជនសង្ស័យខាងលេីតែងតែធ្វេីសកម្មភាពឆក់យកអាវរបស់គាត់ដែលដាក់លក់តាមផ្លូវជាញឹកញាប់ ដោយអាវមួយមានតម្លៃជាង១០ដុល្លារ​ តែមិនដែលឃាត់ខ្លួនបានទេ​ រហូតមកដល់វេលាកេីតហេតុស្រាប់តែមានជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿងមកធ្វេីសកម្មភាពឆក់យកអាវរបស់គាត់ទៀត ភ្លាមនោះប្អូនរបស់គាត់ក៏ជិះម៉ូតូដេញតាមស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់កម្លាំងសមត្ថកិច្ចជួយដេញតាមរហូតឃាត់ខ្លួនបានចំនួន៤នាក់និងម៉ូតូ២គ្រឿង។ 

បច្ចុប្បន្ន​ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោមដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖