ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឱ្យដឹងថា សមត្ថកិច្ចបានអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលនាយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។ ការអនុវត្តវិធានការច្បាប់មានចំនួន៧២ករណី ឃាត់ខ្លួន (អប់រំ និងពិន័យ)២៣៦នាក់ឃាត់យានយន្ត (រថយន្ត៩គ្រឿងនិងម៉ូតូ ២៨គ្រឿង) ពិន័យជាប្រាក់ចំនួន ៣,០០០,០០០រៀល និងវិធានការអប់រំផ្សព្វផ្សាយ៥៥៦ទីតាំង អប់រំតាមគោលដៅចរាចរណ៍ផ្លូវគោក៣១៩នាក់ (យានយន្ត២២១គ្រឿង)។
គួរបញ្ជាក់ផងដែរថា នាពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាព ការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិ សាស្ត្ររាជធានីភ្នំពេញសម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងអំឡុងពេលនៃការបន្តដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នការជួបជុំ ឬការប្រមូលផ្តុំ មនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរូមលើសពី១៥នាក់ លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលសំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន, ការជួបជុំរបស់សា្ថប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩, ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត, ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬរបស់សាលាជម្រះក្តី, ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។ ចំពោះ រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់៕
ដោយ៖ ជ្រោយពេជ្រ