ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ៖ ថ្ងៃទី១នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ. មានកុមារជាច្រើន ក្លាហាន មកចាក់វ៉ាក់សាំង ព្រោះចង់ចូលរៀន នៅពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ថ្ងៃទី១នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ. មានកុមារជាច្រើន ក្លាហាន មកចាក់វ៉ាក់សាំង  ព្រោះចង់ចូលរៀន នៅពេលខាងមុខ ។

នៅថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃដំបូង នៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ។ ក្នុងយុទ្ធនាការនេះ គេបានឃើញនៅតាមបណ្ដា មណ្ឌលសុខភាពទាំង០៨ នៅរាជធានីភ្នំពេញមាន អាណាព្យា បាល ឪពុកម្ដាយរបស់កុមារបាននាំកូន ចៅរបស់ខ្លួនទៅចាក់វ៉ាក់សាំងយ៉ាងច្រើនកុះករ ជាមួយនឹងភាពក្លាហានរបស់កុមារ ដើម្បីឆាប់បានចូលរៀនសូត្រ។

   ក្នុងព្រឹត្តិការណ៍នេះ អាជ្ញាធររាជធានីភ្នំពេញ ក៏បានឃើញ គណៈអភិបាលខណ្ឌនីមួយៗ បានចុះទៅសម្របសម្រួលនៅតាមទីតាំងនៃការចាក់ វ៉ាក់សាំងទាំងនោះផងដែរ ដើម្បីឲ្យដំណើរការ នៃការចាក់វ៉ាក់សាំងនេះ ដំណើរការទៅដោយរលូននិងទទួលបាននូវភាពជោគជ័យ ។ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឃើញ លោកអភិបាល ខណ្ឌកំបូល ចុះទៅសម្របសម្រួលនិងពិនិត្យស្ថានភាពជាក់ស្តែងនៅមណ្ឌលសុខភាពទាំង៥កន្លែង ដែលទីតាំងជានិមិត្ដរូបនៅ មណ្ឌលចាក់វ៉ាក់សាំងវត្ដកំបូល ។ 

   លោក ឃឹម ស៊ុនសូដា  បានបញ្ជាក់ថា៖ នៅខណ្ឌកំបូល មានទីតាំង៥កន្លែងសម្រាប់ចាក់វ៉ាក់ សាំងជូនកុមារ ដែលមានអាយុចាប់ ពី៦ឆ្នាំដល់ ក្រោម១២ឆ្នាំ ក្នុងនោះមានមណ្ឌលសុខភាព 

កំបូល ,បឹងធំ ,ស្នោរ ,ឪឡោកនិងភ្លើងឆេះរទេះ។ 

   ជាមួយគ្នានោះលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានមានប្រសាសន៍ថា ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២១នេះ គឺជាថ្ងៃនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារដែលមានអាយុពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ សម្រាប់ខណ្ឌច្បារអំពៅ មានកុមារយ៉ាងច្រើនមកទទួលការចាក់វ៉ាក់សាំង ដោយភាពក្លាហាន ព្រោះពួកគេចង់បានចូលរៀនឆាប់ៗ ។លោកអភិបាលបន្តថាចំពោះកុមារដែលត្រូវមកចាក់វ៉ាក់សាំងនៅខណ្ឌច្បារ អំពៅ មានចំនួនជាង១៧.៩៧៣នាក់ ។

     ចំណែកលោកថេង សុថុល អភិបាលខណ្ឌចំការមន ខណៈចុះពិនិត្យនិងសម្របសម្រួលនៅទីតាំងចាក់សាំងមណ្ឌលសុខភាពផ្សារដើមថ្កូវ ឯណោះវិញ បានបញ្ជាក់ឲ្យដឹងដែរថា ការចាក់វ៉ាក់សាំងជូនកុមារ ពីអាយុ៦ឆ្នាំទៅក្រោម១២ឆ្នាំនេះ គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដោយសម្ដេចតែងតែបានគិតគូរពីសុខភាព ប្រជាពលរដ្ឋ ។ លោកបញ្ជាក់ថា ការចុះមកទីតាំងខាងលើនេះ គឺដើម្បីសម្រួលឲ្យការចាក់វ៉ាក់សាំងដំណើរការទៅដោយរលូននៅតាមទីតាំងមួយៗលោកក៏បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលជាមាតាបិតាកុមារ សូមនាំកូន ចៅមកចាក់វ៉ាក់សាំង ទៅតាមការអញ្ជើញរបស់អាជ្ញាធរអោយបានគ្រប់គ្នា ។ លោកបញ្ជាក់ថា បើតាមស្ថិតិកុមារដែលត្រូវទទួលការចាក់វ៉ាក់សាំងនៅក្នុងខណ្ឌចំការមនមានចំនួន៤.៨៥០នាក់ ។

  លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូលខណៈចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះដែរ បានលើកឡើងថា៖ បងប្អូនប្រជាពលរដ្ឋ​ដែលជាមាតា បិតា​ អាណាព្យាបាលកុមារដែលត្រូវចាក់វ៉ាក់សាំង​ ពួកគាត់ ពិតជាមានសេចក្តីត្រេកអរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ដែល បានផ្តល់វ៉ាក់សាំង ចាក់ជូនកូន ចៅពួកគាត់  ដេីម្បីការពារសុខមាលភាពកុមារ​ បង្កេីតភាស៊ាំ​ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដេីម្បីមានលទ្ធភាពបេីកសាលារៀនឡេីងវិញ​នាពេលឆាប់ខាងមុខ​ ។ 

   សូមបញ្ជាក់ថា ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារដែលមានអាយុ ចាប់ពី ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រាប់ដូសទី១  គឺត្រូវចាប់ផ្តើមពីថ្ងៃទី១៧ ខែកញ្ញានេះ ដល់ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ និងសម្រាប់ដូសទី២ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ រៀងរាល់ ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីរសៀល តាមរយៈការអញ្ជើញ និងទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងចំនួន ៤២ ទីតាំង ។ នៅថ្ងៃដំបូងនេះដែរសម្រាប់យុទ្ធនាការ ចាក់វ៉ាក់សាំង ដល់កុមារអាយុ៦ដល់ក្រោម១២ មានមាតាបិតា និងអាណាព្យាបាល ជាច្រើនរូប រួតរះនាំកូនៗរបស់ពួកគេ មកទទួលវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដោយ ស្ម័គ្រចិត្តយ៉ាងច្រើន ដោយពុំមានក្តីបារម្ភ ពាក់ព័ន្ធនឹងប្រតិកម្មវ៉ាក់សាំងអ្វីឡើយ ។  ក្នុងនោះលោកស្រី សៀវ លីជូ ដែលបានយកកូនៗ២នាក់ អាយុ ៦ឆ្នាំ និង៨ឆ្នាំ មកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ បានបង្ហាញទឹកមុខរីករាយ ក្រោយកូនៗទាំងពីរបាន ទទួលវ៉ាក់សាំងហើយ ។ 

    លោកស្រីថែមទាំងអោយដឹងថា លោកស្រីពុំមានក្តីបារម្ភអ្វីឡើយ ជុំវិញការចាក់វ៉ាក់ដល់កូនៗរបស់គាត់ ហើយនេះជាអ្វីដែលគាត់ទន្ទឹងរង់ចាំ ពោលគ្រាន់តែទទួលដំណឹងថា រាជរដ្ឋាភិបាលប្រកាសផ្តល់វ៉ាក់សាំងដល់ក្មេងៗពី៦ដល់ក្រោម១២ឆ្នាំភ្លាម គាត់បានរៀបចំរួចជាស្រេច ។លោកស្រីលើកឡើងថា៖ វគ្គដែលត្រូវចាក់ពី៦ឆ្នាំដល់១២ឆ្នាំនេះ ខ្ញុំចាំយូរហើយ ព្រោះកូនខ្ញុំមានអាយុ៨ និង៦ឆ្នាំតែម្តង កាលមុនគេចាក់ពី១២ ដល់១៧ឆ្នាំ ឥឡូវមានឱកាសហើយសម្រាប់ការពារកូវីដ-១៩ចំពោះកូនខ្ញុំដែលមាន អាយុ៦ឆ្នាំដល់ ១២ឆ្នាំនេះ ៕

ដោយ ៖ សំរិត


ចែករំលែក៖