ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ទទួលអំណោយពីសប្បុរសជន អង្ករ១០តោន ដើម្បីជួយឧបត្ថម្ភជីវភាព ពលរដ្ឋរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរដោយមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ អង្ករចំនួន ១០តោនត្រូវបានសប្បុរជន មួយក្រុមប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពី មេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាលនូវឡើយ។

    ពិធីប្រគល់ ទទួលអង្ករនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១៧ កញ្ញ ២០២១  ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

    លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះបានមានប្រសាសន៍ លើកឡើងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ហេង ស៊ីវហៀង និងអ្នកស្រី ភីឆៃ ហ៊ុន តំណាង HCN Groupដែលបានឧបត្ថម្ភ អង្ករ ចំនួន ១០តោនជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ (Covid-19)។

     តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកប ដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ-១៩ (Covid-19) នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាបានទាន់ពេលវេលា។ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្ដែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid- 19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចង ចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕ 

          

ដោយ ៖ សំរិត


ចែករំលែក៖