ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋស្រុកម៉ាឡៃចាក់វ៉ាក់សាំងដូសទី ២រួចរាល់ប្រកបដោយជោគជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ 

ប្រជាពលរដ្ឋមានសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមាដែលប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលកំពុងទទួលរងការរីករាលដាលជំងឹកូវីដ-១៩ចូលសហគមន៍ និងបានសម្តែងនូវក្តីត្រេកអរក្រៃលែង ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាពិសេសសូមអរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងអរគុណចំពោះអាជ្ញាធរ សមត្ថកិច្ច និងក្រុមការងារចុះចាក់វ៉ាក់សាំងជូនពួកគាត់នាពេលនេះ។

សូមបញ្ជាក់ថា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ គឺជាការបិទបញ្ចប់ ដំណើរការចាក់វ៉ាក់សាំង ដូសទី២ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ បានផ្តាំផ្ញើដល់បងប្អូនដែលបានទទួលវ៉ាក់សាំងហើយត្រូវតែបន្តនូវការ ការពារខ្លួនអោយបានខ្ពស់បំផុត និងត្រូវតែធ្វើតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ពិសេសអនុវត្តតាមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា គឺវិធានការ ៣ការពារ និង ៣កុំ៕

ដោយ៖ សូរិយា


ចែករំលែក៖