ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុនហេង ចុះចែកឱសថបុរាណចិន ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់ចំនួន៤ក្នុងក្រុងសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ឱសថបុរាណចិន ជាច្រើនត្រូវបាន លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ យកទៅចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤នៃក្រុងសៀមរាប ខេត្តសៀមរាប។

មន្រ្តីមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងថា ការចុះទៅចែកឱសថបុរាណចិននេះ ធ្វើឡើងកាលពីសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នៅសង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់ស្វាយដង្គំ និងសង្កាត់ជ្រាវដោយមានការចូលរួមដោយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋានខេត្តផងដែរ។

ក្នុងឱកាសចុះចែកឱសថបុរាណចិន ជូនប្រជាពលរដ្ឋនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលបានណែនាំបន្ថែមអំពីការប្រើប្រាស់ឱសថបុរាណចិន ការពាក់ម៉ាស់ ការលាងដៃជាមួយសាប៊ូ ឬអាល់កុល ជែល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នា។

ជាមួយនេះលោករដ្ឋមន្រី្ត ក៏បានជម្រាបជូនស្តីពីជំងឺកូវីដ-១៩ ប្រភេទថ្មីដែលកំពុងរាលដាលនៅកម្ពុជា ដែលបងប្អូនទាំងអស់ត្រូវតែបង្កើនការប្រុងប្រយ័ត្ននិងការពារឲ្យបានតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖